ភ្នំពេញ៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីនាំមនុស្ស ឆ្លងដែនដោយខុសច្បាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា៖នៅវេលាម៉ោង១១នឹង១៣នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួល ពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ នគរបាលស្រុកស្វាយចេក បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ម្នាក់ឈ្មោះ ប៉ា សាមិត្រ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយពាក់ព័ន្ធ នឹងនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រង់ចំណុចភូមិល្បើកស្វាយ (ដំណាក់កកោះ) ឃុំស្វាយចេក ស្រុកស្វាយចេក ចំនួន០២នាក់ប្តីប្រពន្ធ មានឈ្មោះនុត សាវណ្ណ អាយុ២៥ឆ្នាំ ជាប្តីនិងប្រពន្ធឈ្មោះ វ៉ាន់ថា ស្រីមុំ អាយុ២៥ឆ្នាំ គឺ បំរុងឆ្លដែនទៅប្រទេសថៃ តាមរយៈមេខ្សល់ ឈ្មោះ ប៊ុន ណយ ហៅ ទ្រី ភេទប្រុស រស់នៅភូមិចំការគ ឃុំស្វាយចេក ក្នុងតម្លៃ៤.០០០បាត ក្នុង០១នាក់ ដល់គោលដៅទើបប្រគល់លុយ ពេលនោះឈ្មោះប៊ុន ណយហៅទ្រី បានឌុបគេទាំង០២នាក់ មកដាក់នៅចំណុចភូមិល្បើកស្វាយ ហើយនិយាយថា ចេញនៅពេលយប់វេលាម៉ោង០១ ដោយដើរចម្ងាយ០៤គីឡូម៉ែត្រ ទើបមានរថយន្តថៃមកយកនិយាយរួចឈ្ម៉ប៊ុន ណយ ហៅទ្រីជិៈម៉ូតូចេញបាត់ ។
បន្ទាប់មកអ្នកទាំង០២នាក់ប្តីប្រពន្ធ ឈ្មោះនុត សាវណ្ណជាប្តី និងប្រពន្ធឈ្មោះ វ៉ាន់ថា ស្រីមុំ ត្រូវបានកម្លាំងយោធាកងល្បាតទី០៤ វរសេនាតូចលេខ៥០៣ បានជួបនិងសួរនាំ បានដឹងពីហេតុការណ៍ហើយ ក៏ឲ្យអ្នកទាំង០២នាក់ប្តីប្រពន្ធខលទូរស័ព្ទទាក់ទងទៅមេខ្សល់ឈ្មោះប៊ន ណយ ហៅ ទ្រី ឲ្យមកយកពួកគេ ប៉ុន្តែមិនឃើញឈ្មោះប៊ុន ណយ ហៅទ្រី តែបែរជាឃើញឈ្មោះប៉ា សាមិត្រ ជិៈម៉ូតូមកយក ហើយក៏កម្លាំងយោធាកងល្បាតទី០៤ វរសេនាតូចលេខ៥០៣ ធ្វើការឃាត់ខ្លួននិងប្រគល់ឲ្យនគរបាលស្រុកស្វាយចេក នៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ ដើម្បីធ្វើការសួរនាំនិងឃាត់ខ្លួននៅវេលាម៉ោង១១និង១៣នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីឯកឧត្តមមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
លោកស្រីឧត្តមសេនីយ៍ ឌី សុជាតិ បានបញ្ជាក់ទៀតថា៖នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះដែរ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ បានជួបប្រទះពលរខ្មែរ ចំនួន០៥នាក់(ប្រុស)មកពីខេត្តកំពង់ធំ នៅចំណុចរង្វង់មូលបឹងត្រកួន ក្នុងភូមិសាស្ត្រ ភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ពេលសួរនាំពួកគេប្រាប់ថាទៅថៃ ហើយបានធ្វើការឃាត់ខ្លួន និង ផ្តល់ព័ត៌មានឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក មកទទួលយក ចំពោះពលករទាំង០៥នាក់និង០២នាក់ប្តីប្រពន្ធ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪ នៅក្រុងសិរីសោភ័ណ ល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះផងដែរ ៕