ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់ ខំចោលគ្រួសារមករួមរស់ជាមួយសង្សារ រហូតមានផ្ទៃពោះ បែរជាសង្សារមិនទទួលខុសត្រូវ ធ្វើឲ្យនាងខូចចិត្តរត់មកលោតទឹកសម្លាប់ តែត្រូវពលរដ្ឋ និងសមត្ថកិច្ចប្រចាំការគល់ស្ពានជួយឃាត់ទាន់ពេល ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង ៧៖៤០នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើតាមនារីរូបស្រស់នេះ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់មានឈ្មោះ ចែត រ័ត្នធី មុខរបរអ្នករាប់លុយ(ពីមុន) មានស្រុកកំណើត នៅខេត្តសៀមរាម សព្វថ្ងៃស្នាក់នៅផ្ទះជួលមួយកន្លែងនៅផ្លូវ២៤០ (ជិតផ្សារស៊ីលិប) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រស់នៅជាមួយប្ដីឈ្មោះ ភា រ៉ា មុខរបររកស៊ី (លក់ឡាន) បានស្រលាញ់គ្នារយៈពេល ១ឆ្នាំជាង ដោយសែនព្រេនបន្តិចបន្តួច មិនបានរៀបអាពាហ៍ពិពាហ៍ ឬមានអេតាស៊ីវិលត្រឹមត្រូវនោះឡើយ តែពួកគាត់រួមរស់ជាមួយគ្នា ដូចប្ដីប្រពន្ធឯទៀតអញ្ចឹង ដោយមានកូនក្នុងផ្ទៃចំនួន ៥សប្ដាហ៍។
នារីរងគ្រោះបន្តថា ពួកគាត់ឈ្លោះគ្នាចំនួន ៣ថ្ងៃមកហើយ ដោយប្ដីរបស់គាត់បានរត់ទៅនៅផ្ទះម្ដាយ នៅម្ដុំទួលសង្កែ ទោះបីគាត់ខលទូរស័ព្ទ ហៅយ៉ាងណាក៏មិនព្រមមកវិញដែរ រហូតដល់ថ្ងៃកើតហេតុ គាត់ក៏បានវិចខោអាវដាក់វាលី ឡើងជិះកង់បីឥណ្ឌាមកផ្ទះខាងប្ដី តែត្រូវបានប្ដីមិនទទួលស្គាល់ ហើយម្ដាយក្មេកប្រដេញចេញពីផ្ទះ ដោយមិនទទួលស្គាល់ជាកូនប្រសារទៀត ទើបគាត់តូចចិត្តតូចថ្លើម និងអស់សង្ឃឹមក្នុងខ្លួនរលីងបែបនេះ។
ក្រោយការសាកសួរដើមហេតុ និងពន្យល់កុំឱ្យគិតខ្លី ចប់សព្វគ្រប់ រួចឱ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែស្រាប់តែដល់ម៉ោង ១២៖២០នាទីយប់រំលងអធ្រាត្រ ក៏ភ្ញាក់ផ្អើលនារីខាងលើមកលោតទឹកសម្លាប់ខ្លួន ជាលើកទី២ ចូលក្នុងទន្លេនៅចំណុចមុខព្រះអង្គដង្កើ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តែត្រូវបានអ្នកបោសសម្អាត ក្រឡេកឃើញទាន់ក៏ស្រែកហៅកម្លាំង សណ្ដាប់ធ្នាប់ខណ្ឌដូនពេញ ដែលប្រចាំការនៅជិតនោះ ចុះទៅជួយស្រង់បានទាន់ពេលវេលា ៕





