ព្រោះគេចមិនចង់ធ្វើចត្តាឡីស័ក! ពលករខ្មែរម្នាក់លួចឆ្លងដែនពីថៃ មកកម្ពុជា តាមព្រៃភ្នំ អកុសលជាន់មីនដាច់ជើងម្ខាង

0

ភ្នំពេញ៖ ពលករខ្មែរម្នាក់លួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា តាមតំបន់ព្រៃភ្នំ ជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីគេចពីការធ្វើចត្តាឡីស័ក តែអកុសលបានជាន់មីន របួសធ្ងន់ដាច់ជើង កាលពីម៉ោង ៧៖១០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ។

ដោយទទួលព័ត៌មានថា មានប្រជាពលរដ្ឋជាន់មីន ដែលឆ្លងដែនដោយខុសច្បាប់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះទៅដល់ទីតាំង និងយកជនរងគ្រោះមកមន្ទីរពេទ្យទាំងយប់ ។

ករណីប្រជាពលរដ្ឋជាន់មីននេះ ស្ថិតនៅចំណុចព្រំដែនកម្ពុជាថៃ ចំណុចច្រកព្រៃគប់ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះឈ្មោះ យឿន រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិព្រៃគប់ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួសដាច់ជើងខាងស្តាំត្រឹមជង្គង់ បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅពេទ្យបង្អែកមង្គលបូរី ៕