ភ្នំពេញ៖ ក្នុងឱកាសថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងជាឧកញ៉ាកសិកម្មដ៏ល្បីឈ្មោះមួយរូប បានទិញផ្កាកូលាបក្រហម១ទង ជូនសង្សារចាស់ ដើម្បីរំលឹកដល់ក្ដីស្រឡាញ់ ដែលបានរួមរស់នៅជាមួយគ្នា អស់រយៈពេល ៤៣ឆ្នាំ ។

លោកឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៤ កុម្ភៈថា «ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១គឺជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ខ្ញុំមានតែផ្កាកូឡាបក្រហមមួយទងនេះ យកមកប្រគល់ជូនដល់ដៃសង្សារចាស់ ដែលយើងបានស្រឡាញ់រួមរស់ ជាមួយគ្នាអស់រយៈពេល ៤៣ឆ្នាំ បានកន្លងផុតទៅហើយ 1978-2021=43 ផ្កាកូឡាបក្រហមមួយទងនេះ សបញ្ជាក់ទឹកចិត្តដ៏ល្អផូរផង់ ដែលយើងបាន រួមរស់អត់អោនអោយគ្នាទៅវិញទៅមក ទើបយើងអាច រួមរស់នៅជាមួយគ្នាលុះដល់អវសាន្តជីវិត របស់យើងទាំងពីរនាក់» ។

ក្រោយការបង្ហោះសារបែបនេះ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចូលខមិនថា «មិនធម្មតាបងសំណព្វចិត្តអើយ បានផ្កាក្នុងថ្ងៃទិវា នៃក្ដីស្រលាញ់នេះ» ៕