កូនប្រុសទាំង៣ របស់សម្ដេចតេជោ និងឥស្សរជនជាច្រើនរូបទៀត បានចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់ហើយ

0

ភ្នំពេញ៖ កូនប្រុសបង្កើតទាំង៣ និងកូនប្រសារ ២នាក់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលជាច្រើនរូបទៀត បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចរាល់ហើយ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។

ក្រោយចាក់វ៉ាក់សាំងរួច លោក ហ៊ុន ម៉ាណែត កូនប្រុសច្បសម្ដេចតេជោ បានសរសេរលើហ្វេសប៊ុកថា «ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ ។ សូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយ រដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាម ដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ» ។

គួរឲ្យដឹងផងដែរថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ គឺជាថ្ងៃចាប់ផ្តើមដំណើរការជាផ្លូវការ នូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់មិត្តចិន ជូនប្រជាជនដោយឥតគិតថ្លៃហើយ ។

ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ជូនថ្នាក់ដឹកនាំកម្ពុជា លើកដំបូងនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន៖

១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន ៕