ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា ទីបំផុត ប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការជាផ្លូវការ នូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់មិត្តចិន ជូនប្រជាជនដោយឥតគិតថ្លៃហើយ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ទីបំផុត ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការ នូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនហើយ។ នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដែលជាមិត្តដែកថែបដែលខ្ញុំសុំយកឱកាសនេះ ថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស ឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយ ដ៏សប្បុរសដល់ប្រជាជនកម្ពុជា» ។
សម្ដេចបានមានប្រសាសន៍ថា មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញ អវត្តមានរបស់សម្ដេច លើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់សម្ដេច រហូតប្រើពាក្យមិនសមរម្យខ្លះមកលើសម្ដេច ។ ច្បាស់ណាស់ថ្ងៃនេះកូនប្រុសរបស់សម្ដេច បានទទួលវ៉ាក់សាំងមុនគេជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុស
ត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង។
សម្ដេចក៏បានផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិ ទាំងក្នុងនិងនៅក្រៅប្រទេស ឲ្យបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះ
គ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ។
សម្ដេចបន្ថែមថា បងប្អូនខ្មែរយើងដែលរស់នៅ ប្រទេសជឿនលឿនមួយចំនួនធំ ឬអាចដល់ ៩៨ភាគរយមិនទាន់បានទទួល ការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះមានលុយ ហើយក៏រកទិញវ៉ាក់សាំងមិនបាន ដោយសារការផលិតមិនទាន់ ៕



