ភ្នំពេញ៖ គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណែត) មួយកន្លែងនៅសង្កាត់ស្វាយប៉ាក ដោយឃាត់ខ្លួនមនុស្សប្រុសស្រី ១៣នាក់ និងសម្ភារៈជាវត្ថុតាងមួយចំនួនទៀត ។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីម៉ោង ២៖៤០នាទីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៤ និង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំលោក សន សោភ័ណ្ឌ នាយរដ្ឋបាលខណ្ឌ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ និងគណៈបញ្ចាការឯកភាព រដ្ឋបាលសង្កាត់ស្វាយប៉ាក ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណែត) មួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ទទួលបានលទ្ធផលដូចខាងក្រោម ៖
១-ឃាត់ខ្លួនមនុស្សចំនួន ១៣នាក់ (ស្រី០៥នាក់)
២-ដកហូតម៉ូនីទ័រចំនួន ២០គ្រឿង
៣-CPUចំនួន ១៤គ្រឿង
៤-ថវិកាចំនួន ១,០៤៤ដុល្លា និង៥,៥៣៥,០០០រៀល។
៥-តុឈើមូល ៣គ្រឿង
៦-កៅអីជ័រ និងដែក ២៦គ្រឿង
៧-ម៉ាស៊ីនព្រីនធ័រ ២គ្រឿង
៨-ទូរទស្សន៍ ៤គ្រឿង
៩-ម៉ូតូ៤គ្រឿង
១០-កង់១គ្រឿង។
បច្ចុប្បន្ន គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សម្រេចបញ្ជូនមនុស្សទាំង ១៣នាក់ និងវត្ថុតាងជាសម្ភារៈមួយចំនួនខាងលើនេះ យកទៅកាន់ អធិការរដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាបន្ត ៕








