ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែ កុម្ភៈ ម្សិលមិញនេះមានករណីក្មេងស្រីម្នាក់លង់ទឹកស្លាប់នៅចំណុចដងទន្លេសាបកំពង់ទឹកក្រោយផ្ទះជនរងគ្រោះស្ថិតក្នុងភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសុខ ចាន់ឌឿន ភេទស្រី អាយុ ៣ឆ្នាំ ក្នុងបន្ទុក។
-ឪពុកជនរងគ្រោះឈ្មោះសុខ សុភាអាយុ ៣០ ឆ្នាំមុខរបរនេសាទ
-ម្ដាយឈ្មោះចិន សុខនី អាយុ ៤១ ឆ្នាំមុខរបរលក់ដូរទីលំនៅភូមិឃុំកើតហេតុ។
តាមការបំភ្លឺរបស់ឈ្មោះចិនសុខនីត្រូវជាម្តាយជនរងគ្រោះបានឲ្យដឹងថានៅថ្ងៃខែឆ្នាំកើតហេតុខាងលើវេលាម៉ោង ១៨ និង ០០ នាទី ខ្លួនបានទៅបោកខោអាវនៅលើបែរទឹក ដោយទុកជនរងគ្រោះ(កូនស្រីបង្កើត) នៅលេងនៅលើនៅផ្ទះជាមួយជីតានិងម្តាយមីង លុះពេលខ្លួនត្រឡប់មកពីបោកខោអាវ វិញមិនឃើញកូនរបស់ខ្លួន ក៏នាំគ្នាផ្អើលឆោឡោ ដើររកនិងចុះរាវរកនៅកំពង់ទឹកក្រោយផ្ទះរបស់ខ្លួន ក៏ប្រទះឃើញ ជនរងគ្រោះនៅក្នុងទឹក បន្ទាប់មក ក្រុមគ្រួសារជនរងគ្រោះ បាននាំជនរងគ្រោះ ទៅមន្ទីរសំរាកព្យាបាលប្រាក់ សំអន ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ និងបានដឹកសាកសពជនរងគ្រោះ ត្រឡប់មកផ្ទះវិញ និង បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង ។
ក្រោយមកផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុកបានសហការជាមួយមេឃុំមេភូមិគ្រូពេទ្យមណ្ឌលនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួងបានធ្វើការពិនិត្យយ៉ាងម៉ត់ចត់ឃើញថាសាកសពពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
បច្ចុប្បន្នសាកសពបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕



