រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២នាក់ ជាករណីនាំចូល ខណៈព្យាបាលជាសះស្បើយ១នាក់

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ឲ្យដឹងថាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២នាក់ និងបានព្យាបាលជាសះស្បើយ ចំនួន១នាក់។

ក្រសួងបានឲ្យដឹងថា អ្នកដែលឆ្លងជំងឺកូវីដ១៩ថ្មី ២នាក់គឺ៖

១.ជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២របស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ -១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

២ ស្ត្រីជនជាតិខ្មែរ អាយុ ៥០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ជាអ្នកធ្វើដំណើរមកពីប្រទេសស្វីស បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ លទ្ធផលធ្វើតេស្កវត្ថុសំណាក របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន វាជធានីភ្នំពេញ។ សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៥៣នាក់ ដែលនៅក្នុង ចំនួននេះមាន ស្ត្រីខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៥២នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារ មួយក្នុងរាជធានីភ្នំពេញ ចំនួន ២០នាក់ និងសណ្ឋាគារ មួយទៀតចំនួន ៣២នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅចំនួន៤៧២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៤៥៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៥នាក់ (គ្មានអ្នកស្លាប់) ៕