ភ្នំពេញ៖ ដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល កាលពីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំកម្លាំងក្នុងអង្គភាព ឃាត់ខ្លួនក្រុមក្មេងបង្កអនាធិបតេយ្យចំនួន ៦នាក់យកមកធ្វើការអប់រំណែនាំ នៅអធិការដ្ឋាននគរបាលស្រុក ។
មូលហេតុដែលនាំដល់ការឃាត់ខ្លួននេះ គឺស្របតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ិន បូរមី ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុក អំពីក្រុមក្មេងមួយក្រុមបានយកដុំថ្មគប់បំផ្លិចបំផ្លាញ រោងជាងជួសជុលម៉ូតូមួយកន្លែង របស់គាត់ក្នុងមូលដ្ឋានខាងលើ បណ្តាលឱ្យខូចខាតដោយអន្លើ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយពុំដឹងមូលហេតុ។
ទទួលបានព័ត៌មានភ្លាម និងអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ស្នងការ នគរបាលខេត្តបាត់ដំបង លោកអធិការនគរបាលស្រុក ដឹកនាំកម្លាំងចេញប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនបានភ្លាមៗចំពោះ ក្រុមក្មេងបង្កអនាធិបេត្យខាងលើចំនួន ៦នាក់ យកមកធ្វើការសាកសួរស្រាវជ្រាវនៅអធិការដ្ឋាន។
អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះ នៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុក ក្រុមក្មេងៗទាំងនេះបានឆ្លើយសារភាពថា មូលហេតុដែលពួកគេយកដុំថ្មគប់បំផ្លាញ រោងជួសជុលម៉ូតូរបស់ជនរងគ្រោះខាងលើនេះ គឺមិនមែនដោយសារគំនុំអ្វីនោះទេ តែសកម្មភាពរបស់ពួកខ្លួនបែបនេះគឺគ្រាន់ ជាការកំសាន្តសប្បាយតែប៉ុណ្ណោះ។
ក្រោយការជួសជុលសំណង ទៅជនងគ្រោះជាម្ចាស់តូបរួច មកសមត្ថកិច្ចនគរបាលបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាដោយឱ្យឪពុក ម្តាយធានាយកទៅអប់រំបន្ថែមនៅមូលដ្ឋានវិញ ៕