ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការសរសេរប័ណ ផាកពិន័យខុសរបស់សមត្ថកិច្ច ដែលធ្វើឲ្យមានការចុះផ្សាយ យល់ច្រឡំរបស់គណនីហ្វេសបុកមួយឈ្មោះថា Sary Sa ។
កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២៣:៤៧នាទីយប់ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលកំពុងតែដាក់គោលដៅត្រួតពិនិត្យ អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោក និងពិនិត្យសារធាតុស្រវឹង បានធ្វើការឃាត់ម៉ូតូ១គ្រឿង ម៉ាកហុងដា Zoomer X ពាក់ផ្លាកលេខ កណ្តាល 1X-៨៤៦៤ ដែលល្មើសបើកបរម៉ូតូមានអត្រាជាតិស្រវឹង 0.32 mg/L បើកបរដោយឈ្មោះ វ៉ាន់ វុធ ភេទប្រុស ដោយសមត្ថកិច្ចបានយកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ លុះដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៨និង៣០នាទីព្រឹក ឈ្មោះ ម៉ូវ សារី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរ ដែលជាម្ចាស់ម៉ូតូ បានចូលខ្លួនមកបង់ប្រាក់ពិន័យចំនួន ២៥០,០០០រៀល តែពេលនោះដោយបង្កាន់ដៃបង់ប្រាក់មានចំនួន ២ក្បាល ដាក់នៅជិតគ្នា មន្រ្តីចរាចរណ៍បានសរសេច្រឡំ យកបង្កាន់បង់ប្រាក់ដែលមានចំនួនទឹកប្រាក់ ៧៥,០០០រៀល ហែកប្រគល់ជូនម្ចាស់ម៉ូតូ ជាក់ស្តែងគឺត្រូវពិន័យ ២៥០,០០០រៀល ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងផ្នែកជំនាញបានទាក់ទងទៅឈ្មោះខាងលើ និងបានបកស្រាយពីកំហុស ដោយអចេតនារបស់សមត្ថកិច្ច ទើបឈ្មោះ ម៉ូវ សារី(FB Sary Sa) បានយល់ច្បាស់ពីការផាកពិន័យនេះ ហើយគាត់ក៏មានការឯកភាពយកប័ណ ពិន័យអន្តរការណ៍ទឹកប្រាក់ចំនួន ៧៥០០០ រៀលមកវិញ ហើយផ្នែកជំនាញបានសម្របសម្រួល ជាមួយគាត់ប្តូរប័ណពិន័យ អន្តរការណ៍ទឹកប្រាក់ចំនួន ២៥០០០០រៀល ជូនគាត់វិញ ។
ក្រោយពីមានពន្យល់ណែនាំម្ចាស់គណនីហ្វេសបុកឈ្មោះ Sary Sa យ៉ាងច្បាស់លាស់រួចមក គាត់ក៏បានយល់ និងបានសរសេរអត្ថបទកែតម្រូវឡើងវិញ នៅលើហ្វេសប៊ុករបស់គាត់ ដែលមានឈ្មោះថា Sary Sa រួចរាល់ហើយដែរ ៕



