ពលការិនីម្នាក់ ដែលត្រូវម្ចាស់ផ្ទះនៅម៉ាឡេស៊ី វាយនិងកាត់ស្លឹកត្រចៀក ត្រឡប់មកដល់កម្ពុជាវិញហើយ

0

ភ្នំពេញ៖ ក្មេងស្រីខ្មែរដែលទៅបម្រើការងារ តាមផ្ទះនៅម៉ាឡេស៊ី ហើយត្រូវម្ចាស់ផ្ទះធ្វើបាប កាត់ត្រចៀក បានត្រឡប់មកដល់កម្ពុជាវិញហើយ កាលពីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ តាមជើងយន្តហោះអាកាសចរណ៍សិង្ហបុរីលេខ SQ5008 ក្រោមការសហការជាមួយអាជ្ញាធរម៉ាឡេស៊ី សម្របសម្រួលពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ។

យោងតាមលិខិតរបស់ទូតខ្មែរប្រចាំក្រុងគូឡាឡាំពួ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ពលការិនីរងគ្រោះមានឈ្មោះ អូស្មាន ក្រីម៉ះ ភេទស្រី អាយុ១៦ឆ្នាំ ។ បច្ចុប្បន្នកំពុងអនុវត្តវិធាន ចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ រាជធានីភ្នំពេញ ។

សូមរំលឹកថា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានពិនិត្យឃើញមានការចែករំលែក ជាបន្តបន្ទាប់លើបណ្ដាញសង្គម ពាក់ព័ន្ធនឹងករណី ហិង្សាដែលកើតឡើងលើពលការិនី ជនជាតិខ្មែរអ៊ីស្លាមម្នាក់នៅម៉ាឡេស៊ី។ ករណីនេះត្រូវបានដាក់ជូន នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តជំនាញ និងជួយអន្តរាគមន៍ ហើយក៏ត្រូវបានជួយសង្គ្រោះដោយជោគជ័យ ក្រោមកិច្ចសហប្រតិបត្តិការ យ៉ាងល្អរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និងសហការជាមួយសមត្ថកិច្ចម៉ាឡេស៊ីផងដែរ ទើបឈានដល់ការរំដោះនារីរងគ្រោះ និងបានបញ្ជូនទៅសំរាក ព្យាបាលនៅមន្ទីរពេទ្យ ៕