ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា នៅពេលដែលអនុវត្តន៍ ច្បាប់ចរារណ៍មន្ត្រីនគរបាល ត្រូវតែប្រើកាយវិការឲ្យបានសមរម្យ ហើយប្រសិនបើឃើញប្រជាពលរដ្ឋ ដែលមកពីជនបទ ដែលគាត់បានបើកបរល្មើសច្បាប់ផ្សេងៗ មិនគួរផ្តោតតែលើការផាកពិន័យខ្លាំងពេកទេ ត្រូវផ្តោតទៅលើវិធានការណែនាំអប់រំ ព្រោះពេលខ្លះគាត់ទើបមកទីក្រុងជាលើកទី១ ។
ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ កុម្ភៈនេះ ឧត្តមសេនីយ៍ឯក ស ថេត បានអបអរសាទរដល់លោកស្នងការរង និងមន្ត្រីជាច្រើនរូបទៀត ដែលទើបទទួលបានការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតំឡើងឋានន្តរសក្តិ ត្រូវតែខិតខំបម្រើអង្គភាព និងប្រជាពលរដ្ឋឲ្យបានល្អបំផុត ជាពិសេសត្រូវតែមានការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
លោកស្នងការ បានណែនាំដល់ជំនាញបង្ការពន្លត់អគ្គិភ័យ ត្រូវយកចិត្តទុកដាក់ខ្ពស់ មានផែនការច្បាស់លាស់ក្នុងការចុះណែនាំអប់រំ និងបង្ហាត់បង្រៀនអំពីការការពារ និងបង្ការទប់ស្កាត់កុំឲ្យអគ្គិភ័យកើតឡើងជាយថាហេតុ ។ ម្យ៉ាងវិញទៀតលោកស្នងការ ក៏បានណែនាំដល់លោកលោកស្រីស្នងការរង នាយការិយាល័យ ជាពិសេសអធិការនគរបាលខណ្ឌទាំង១៤ ត្រូវចូលរួមសហការ និងអនុវត្តឲ្យបានល្អនូវលក្ខណ:សម្បត្តិទាំង ៧ចំណុច ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យទទួលបានលទ្ធផលល្អបំផុតដើម្បីឲ្យសង្គមជាតិ ប្រជាពលរដ្ឋរស់នៅប្រកបដោយ សុខសុវត្ថិភាពខ្ពស់ ។
ក្រៅពីនេះទៀត លោកឧត្ដមសេនីយ៍ឯក បានផ្តោតសំខាន់ទៅលើមន្ត្រីទាំងអស់ ត្រូវតែស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ស្អាតបាត គោរពវិន័យកងកម្លាំង ប្រើប្រាស់សម្តី និងកាវិការឲ្យបានសមរម្យ ជាមួយប្រជាពលរដ្ឋ ត្រូវមានអ្នកប្រចាំការ ដើម្បីដោះស្រាយ និងទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាប្រចាំ។
ឧត្ដមសេនីយ៍ឯក ស ថេត បញ្ជាក់ថា «មួយវិញទៀតទាក់ទងទៅនឹងផ្នែកចរាចរណ៍ គ្រប់មន្ត្រីប្រចាំការតាមគ្រប់គោលដៅ ត្រូវមានភារកិច្ចជួយសម្រួលចរារណ៍ ដើម្បីកាត់បន្ថយការកកស្ទះ ជាពិសេសនៅពេលដែលអនុវត្តន៍ ច្បាប់ចរារណ៍ត្រូវតែប្រើកាយវិការឲ្យបានសមរម្យ ហើយប្រសិនបើឃើញប្រជាពលរដ្ឋដែលមកពីជនបទ ដែលគាត់បានបើកបរល្មើសច្បាប់ផ្សេងៗ មិនគួរផ្តោតតែលើការផាកពិន័យខ្លាំងពេកទេ ត្រូវផ្តោតទៅលើវិធានការណែនាំអប់រំ ព្រោះពេលខ្លះគាត់ទើបមកទីក្រុងជាលើកទី១» ។
លើសពីនេះទៀត លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់បន្ថែមថា ចំពោះករណីអ្នកសារព័ត៌មាន គួរតែប្រើសិទ្ធិឲ្យមានដែនកំណត់ មិនត្រូវប្រើប្រាស់សិទ្ធិហួសដែនកំណត់ មកលើការអនុវត្តន៍ច្បាប់ របស់សមត្ថកិច្ចជំនាញឡើយ ៕