ភ្នំពេញ៖ក្នុងពេលឆាប់ៗនេះក្រុមហ៊ុន Apple នឹងទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបន្ថែមមុខងារក្រើនរំឭក (prompt) ដល់អ្នកប្រើប្រាស់ទាក់ទងនឹងការទាញយកទិន្នន័យឯកជនភាព និងការតាមដានអ្នកប្រើប្រាស់ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកក៏អាចបិទវាបានផងដែរ។
នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា បានបន្ថែមថាជាមួយនឹងមុខងារថ្មីនេះ លោកអ្នកនឹងមានជម្រើសថាតើលោកអ្នកនឹងអនុញ្ញាតឱ្យកម្មវិធីតាមដានការប្រើប្រាស់របស់លោកអ្នក “Allow Tracking” ឬលោកអ្នកក៏អាចស្នើសុំកុំឱ្យមានការតាមដានពីក្រុមហ៊ុន “Ask App not to Track”។ ប្រសិនបើលោកអ្នកជ្រើសរើស យកមិនឱ្យមានការតាមដាន ពីកម្មវិធីនោះ ក្រុមហ៊ុន Apple នឹងបិទមិនឱ្យអ្នកអភិវឌ្ឍ កម្មវិធីអាចទាញយកលេខសំគាល់ សម្រាប់ការផ្សព្វផ្សាយ ពាណិជ្ជកម្ម ឬការតាមដានរបស់លោកអ្នកបាន។ ហើយប្រសិនបើពួកគេនៅតែព្យាយាមតាមដានអ្នកប្រើប្រាស់ កម្មវិធីរបស់ពួកគេអាចនឹងត្រូវលុបចេញពី App Store របស់ក្រុមហ៊ុន Apple ទៀតផង។
មុខងារដ៏សំខាន់នេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវ រំពឹងថា ក្រុមហ៊ុន Apple នឹងដាក់ឱ្យប្រើប្រាស់ នៅពេលក្រុមហ៊ុន ធ្វើបច្ចុប្បន្នភាពកម្មវិធី ប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ 14.5។ ដើម្បីការពារទិន្នន័យ ឯកជនភាព និងចៀសវាងការតាមដាន របស់ក្រុមហ៊ុននោះ លោកអ្នកគួរតែបិទ មិនឱ្យមានការតាមដាន “Ask App not to Track” នៅពេលដែលក្រុមហ៊ុនដាក់ឱ្យ ប្រើប្រាស់មុខងារនេះ នៅក្នុងពេលឆាប់ៗនេះ ៕