សម្ដេចតេជោ បញ្ជាក់ច្បាស់ៗថា គ្មានគម្រោង លុបចោលពិធីបុណ្យចូលឆ្នាំខ្មែរ ដូចឆ្នាំមុន

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ច្បាស់ៗថា មិនមានការលុបចោលពិធី បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដូចឆ្នាំមុននោះទេ ពីព្រោះកម្ពុជាគ្រប់គ្រងសភាពការណ៍ និងទប់ស្កាត់ជំងឺកូវីដ១៩ បានល្អប្រសើរ ។

ក្នុងពិធីបើកការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅថ្ងៃទី១ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឆ្នាំនេះច្បាស់ណាស់ថា ខ្ញុំគ្មានគម្រោងនឹងលុបចោល ពិធីចូលឆ្នាំខ្មែរដូចឆ្នាំទៅ ទាំងក្នុងសភាពការណ៍ មិនច្បាស់លាស់នោះទេ»។

ពាក់ព័ន្ធបញ្ហានេះសម្ដេចតេជោ បានពន្យល់ពីមូលហេតុ ដែលធ្វើឲ្យសម្ដេចលុបចោល ពិធីបុណ្យចូលឆ្នាំខ្មែរកាលពីឆ្នាំមុន ព្រោះមានពលករ ១២ម៉ឺននាក់មកពីប្រទេសថៃ សម្រុកចូលកម្ពុជាភ្លាមៗ ដែលចំណុចនេះបានធ្វើឲ្យយើងមិនដឹងថា អ្នកមាន ឬមិនមានជំងឺកូវីដ១៩ ។

សម្តេចតេជោ បញ្ជាក់បន្ថែមថា «ចូលឆ្នាំនៅតែចូល ប៉ុន្តែយើងរក្សាគម្លាតទៅ! រាំងក៏រាំទៅ តែរាំឲ្យឆ្ងាយ ឥឡូវរាំក្បាច់ស្លូ ប្រហែលជាបង់បោះចោល ហើយលើពិភពលោកនេះ»។

សម្តេចលើកឡើងថា ការចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ពីសំណាក់ប្រជាពលរដ្ឋ គឺមានតម្លៃខ្លាំងណាស់ ដែលចំណុចនេះស្ថិតក្នុងអភិបាលកិច្ចទាំងអស់ ហើយមិនប្រាកដថាប្រទេសអ្នកមានមិ នមានស្លាប់មនុស្សនោះទេ ផ្ទុយទៅវិញប្រទេសអ្នកមាន ស្លាប់មនុស្សច្រើនជាងគេទៅវិញ ៕