អ្នកដំណើរចូលមកកម្ពុជា រួមទាំងពលករខ្មែរ ដាច់ខាតត្រូវតែធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដោយគ្មានការកាត់បន្ថយឡើយ

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា រាល់អ្នកដំណើរមកពីក្រៅប្រទេស ចូលមកកម្ពុជាទាំងអស់ រួមទាំងពលករខ្មែរ ដាច់ខាតត្រូវតែធ្វើការត្រួតពិនិត្យសុខភាព និងធ្វើ ចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដោយមិនអាចកាត់បន្ថយថ្ងៃ ធ្វើចត្តាឡីស័យឡើយ ។

ក្នុងពិធីបើកការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នាព្រឹកថ្ងៃទី១ កុម្ភៈនេះសម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ពេលនេះមានពលករខ្មែរ មកពីថៃជាង ៧ពាន់នាក់ក្នុងខេត្តចំនួន៧ កំពុងធ្វើចត្តាឡីស័ក ដូច្នេះថាការធ្វើចត្តាឡី ស័កចំនួន១៤ថ្ងៃ មិនអាចធ្វើ ការកាត់ប ន្ថយចំនួនធ្វើនោះទេ ព្រោះថាកម្ពុជាបទពិសោធន៍ យើងមានរួចហើយ។ មានពលករខ្មែរមកពីថ្ងៃប្រមាណ ៨០នាក់ បានឆ្លងជំងឺកូវីដ១៩ កំពុងធ្វើចត្តាឡីស័កក្នុងចំណោម ពលករខ្មែរនៅថៃជាង ១០០នាក់ឆ្លងជំងឺនេះ» ។

សម្តេចតេជោ បានថ្លែងអង្វករចំពោះពលករខ្មែរ មកពីថៃ ក៏ដូចជាចំពោះបងប្អូនមកពីក្រៅប្រទេស ត្រូវតែធ្វើការពិនិត្យឲ្យល្អិតល្អន់ ហើយធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ មិនត្រូវកាត់បន្ថយពេលជាដាច់ខាត ។

សម្តេចតេជោ បន្ថែមថា នៅក្នុងប្រទេសថៃ ក៏ដូចជាវៀតណាម បាននិងកំពុង ផ្ទុះការឆ្លងជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ ហើយមានពលករខ្មែរមកពីក្រៅប្រទេសប្រមាណ ៨០នាក់ សុទ្ធតែឆ្លងជំងឺកូវីដ១៩ ។ ដូច្នេះត្រូវធ្វើការទប់ស្កាត់គាត់ ឲ្យតឹងតែងដើម្បីដាក់គាត់ ធ្វើចត្តាឡីស័កឲ្យបាន ១៤ថ្ងៃ ។

សម្តេចគូសបញ្ជាក់ថា «ត្រូវដាក់ពួកគាត់ឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃនៅតាមព្រំដែន មិនត្រូវឲ្យគាត់មកចូលមកទីក្រុងទេ បើមិនដូច្នេះទេនឹង ឆ្លងសហគមន៍ហើយ។ យើងធ្លាប់ឆ្លងចូលសហគមន៍ តែយើងទប់ស្កាត់បាន អីចឹងយើងត្រូវខិតខំធ្វើ យ៉ាងទប់ស្កាត់ កុំឲ្យចូលមកទីក្រុង» ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះកម្ពុជាបានរកឃើញអ្នកឆ្លងចំងឺកូវីដ១៩ សរុបចំនួន២៦៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ សរុបចំនួន៤៤៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២៣នាក់ ៕