ភ្នំពេញ៖ អាណាព្យាបាលសិស្ស សាលាសន្ធរម៉ុក ជាច្រើននាក់បានផ្ទុះការ រិះគន់ពេញហ្វេសប៊ុកចំពោះគ្រូបង្រៀនមួយចំនួននៅសាលាសន្ធរម៉ុកដែលបង្ខំកូនសិស្សឱ្យបង់លុយ ១ខែ៦ម៉ឺនរៀល។
រឿងអាស្រូវដ៏ក្ដៅគគុកមួយនេះ កំពុងត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាចែករំលែកជាបន្តបន្ទាប់ផងដែរ។ ជាក់ស្ដែង តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ Bunthoeun Ev ជាឪពុករបស់សិស្សម្នាក់ បានរូបកូនស្រីរបស់ខ្លួន ជាសិស្សសាលាសន្ធរម៉ុក ព្រមទាំងទម្លាយថា គ្រូបង្ខំឱ្យសិស្សរៀនគួរ បើសិស្សណាមិនរៀនទេ ទៅរកសាលាផ្សេងរៀនទៅ ក្នុងន័យបណ្ដេញសិស្សចេញ ។ មួយវិញទៀតប្រសិនបើមិនរៀនគួរទេ ក៏ត្រូវឱ្យលុយគ្រូ ១ ខែ៦ម៉ឺនរៀល ទុកជាការដឹងគុណគ្រូ ។ បុរសរូបនោះក៏បានទម្លាយទៀតថា គ្រូដែលទារលុយសិស្សនោះមានខ្សែធំជាមួយនាយកសាលា ទើបខ្លួនមិនហ៊ានតវ៉ា ។
បន្ថែមលើពីនេះទៀតនោះមានគណនីហ្វេសប៊ុកមួយទៀតឈ្មោះ SreyNeth SreyNeth បានធ្វើការសុំទោសជាមុនចំពោះការធ្វើឱ្យប៉ះពាល់ឈ្មោះសាលា ប៉ុន្តែអ្នកស្រីជាអាណាព្យាបាលរូបនេះ បានឱ្យដឹងថា កូនប្រុសពៅរបស់អ្នកស្រីរៀនថ្នាក់ទី ៦ ត្រូវបានគ្រូទារឱ្យបង់ថ្លៃ ១ ខែ ៦ ម៉ឺនរៀល ។ នៅពេលអ្នកស្រីសួរកូនប្រុសថា តើបង់ថ្លៃលើអ្វី? ត្រូវបានកូនប្រុសនោះឆ្លើយថា បង់ថ្លៃដើម្បីជាការដឹងគុណគ្រូ ។
យ៉ាងណាមិញទំព័រហ្វេសប៊ុកផេក គ្រូ-Teacher of Cambodia ក៏បានធ្វើការបង្ហោះពាក់ព័ន្ធនឹងករណីខាងលើនេះដែរ និងទាមទារសូមឱ្យក្រសួងអប់រំ យុវជន និងកីឡា ធ្វើការដោះស្រាយជូនកូនសិស្សផង ។
មកទល់នឹងពេលនេះនៅមិនទាន់មានការបញ្ជាក់ណាមួយពីខាងសាលាបឋមសិក្សាសន្ធរម៉ុកនោះទេ ។ ដូច្នេះមហាជនរង់ចាំមើលថា តើការលើកឡើងទាំងប៉ុន្មានរបស់ឪពុកម្ដាយសិស្សនោះជាការពិតដែរឬទេ?