ភ្នំពេញ៖ ស្គាល់គ្នាតាមហ្វេសប៊ុក បាននាំកូនស្រីគេរត់ពីខេត្តដំបង មកដេកផ្ទះសំណាក់ នៅខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងដកហូតបានគ្រឿងញៀន១៤,៣៨ក្រាម ហើយត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។
លោកវរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យប្រឆាំង ការជួញដូរមនុស្ស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ជនសង្ស័យឈ្មោះ ទាយ យេ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិខ្នាចអំពេរ ឃុំព្រេកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង និងស្ត្រីរងគ្រោះ មានឈ្មោះ ល.ស.ល អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក។
លោកបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងឈ្មោះ អឿន លឹប ភេទប្រុស អាយុ៤៩ឆ្នាំ(ត្រូវជាឪពុកស្ត្រីរងគ្រោះ)នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក បានប្តឹងឈ្មោះ ទាយ យេ បាននាំយកកូនស្រីរបស់ខ្លួន គេចខ្លួន ចេញពីផ្ទះបាត់កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ហើយកម្លាំងជំនាញបានទទួលព័ត៌មាន ជនត្រូវចោទបាននាំ ជនរងគ្រោះ ដេកផ្ទះសំណាក់យីហោ ម៉ារី ហើយកម្លាំងជំនាញ សហការកម្លាំងកងរាជអាវុធហត្ថ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យឆែកឆេរ រកឃើញគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ហៅខេទឹកកកចំនួន០៤កូនថង់ តូចស្មើ១៤,៣៨ក្រាម នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោកវរសេនីយ៍ត្រី ធឿង វាសនា បានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួន ជនសង្ស័យនិងស្ត្រីរងគ្រោះ បាននាំយកមកសាកសួរ នៅបញ្ជាដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយសាកសួរជនសង្ស័យ បានសារភាពថា ខ្លួនបានស្គាល់ស្ត្រីរងគ្រោះ តាមរយៈហ្វេសប៊ុកហើយស្រលាញ់គ្នា នាងសម្រេចចិត្ត ចេញពីផ្ទះ មកតាមខ្លួន ហើយស្នាក់នៅផ្ទះសំណាក់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ២យប់ ហើយបន្តស្នាក់នៅ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ៣យប់ ត្រូវបានសមត្ថកិច្ចចាប់ ដែលចោទប្រកាន់នាំ យកអនីតិជន ចេញដោយមិនស្របច្បាប់ និងជួញដូរគ្រឿងញៀនល្មើសច្បាប់ ក្រោយសាកសួរ ហើយបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ៕