facebook និងTik Tok នាំទុក្ខ! បុរសម្នាក់ បង្ហោះព័ត៌មានមិនពិត ត្រូវបានសមត្ថកិច្ច ហៅមកដុះក្អែល

0

ភ្នំពេញ៖ បន្ទាប់ពីបានឃើញការចុះផ្សាយ នៅលើគណនីហ្វេសបុកឈ្មោះ BonLinll និងបណ្តាញសង្គម Tik Tok កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានសហការជាមួយអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីធ្វើការស្រាវជ្រាវ និងស្វែងរកបុគ្គល ដែលផុសព័ត៌មានមិនពិត ដោយបាននិយាយមើលងាយ ជេរប្រមាថ និងចោទប្រកាន់មកលើសមត្ថកិច្ច ផ្ទុយពីការពិតទាំងស្រុង រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ។

យោងតាមអគ្គស្នងការនគរបាលជាតិ បានអយដឹងថា សមត្ថកិច្ចក៏បានស្រាវជ្រាវ រកឃើញបុគ្គលនេះ ហើយឈ្មោះ ពៅ រតនា ភេទប្រុស អាយុ២៨ឆ្នាំ ក៏បានចូលខ្លួនមកបកស្រាយបំភ្លឺ និងទទួលកំហុសរបស់ខ្លួន ដែលបានប្រើប្រាស់ គណនីហ្វេសបុកឈ្មោះ BonLinII និងTikTok ជាវីដេអូ ធ្វើការបង្ហាះពត៌មានមិនពិត ដោយបាននិយាយខុសពីការពិតទាំងស្រុង ក្នុងគោលបំណងអាក្រក់មើលងាយ ចោទប្រកាន់ និងបង្ខូចដល់កិត្តិយសរបស់សមត្ថកិច្ច បន្ទាប់ពីបុគ្គលរូបនេះ ត្រូវបានសមត្ថកិច្ច ធ្វើការផាកពិន័យ ដោយបានល្មើសច្បាប់ចរាចរណ៍ (ពុំបានពាក់មួកសុវត្ថិភាព ក្នុងពេលបើកបរ ) នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៣និង០០នាទីរសៀល ត្រង់ចំនុចរង្វង់មូលផ្សារដើមថ្កូវ បន្ទាប់ពីសមត្ថកិច្ច បានធ្វើការផាកពិន័យ ត្រឹមត្រូវតាមច្បាប់ បុគ្គលរូបនេះក៏មានការខឹង និងខ្វះការពិចារណា ក៏បានបង្ហាះសារជាវីដេអូ លើហ្វេសបុកនិង TikTok របស់ខ្លួន នូវព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការយល់ច្រឡំ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដែលមានខ្លឹមសារប្រមាទមើលងាយ និងធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់សមត្ថកិច្ចនគរបាលជាតិ ទាំងមូលផងដែរ ។

ម្ចាស់ហ្វេសបុក និងTikTok រូបនេះបានសារភាព ទទួលស្គាល់កំហុស និងសូមសន្យាថាឈប់ប្រព្រឹត្តអំពើបែបនេះតទៅហើយ។ អាស្រ័យហេតុនេះសូមបងៗ សមត្ថកិច្ចក៏ដូចជាប្រជាពលរដ្ឋ ទួទៅមេត្តាយោគយល់និងអនុគ្រោះលើកលែងទោសដល់រូបគាត់ផង។

ជាចុងបញ្ចប់ ម្ចាស់ហ្វេបុករូបនោះសូមសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម គោរពច្បាប់ចរាចរណ៏ ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិ របស់ខ្លួនឯងនិងអ្នកដ៏ទៃ ។

ក្រោយពីបានចូលខ្លួន មកសារភាពកំហុស និងសំទោសជាសាធារណ: ក៏ដូចជាការធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យារួមមក សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យបុគ្គលរូបនេះត្រឡប់ទៅគេហដ្ឋានវិញ ប៉ុន្តែប្រសិនបើនៅមានករណីដូច្នេះជាលើកទី២ សមត្ថកិច្ចនឹងអនុវត្តតាមនីតិវីច្បាប់ ៕