ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា បែបតុលាការមិនចាត់ការចំពោះឧកញ៉ាអ៊ាន សៀវមុី អ្នកលក់អនឡាញនោះទេ ពីព្រោះទុកងារឧកញ៉ា ឲ្យជេរលម្អក្រុងភ្នំពេញ និងគ្រាន់ជេរបង្រៀនក្មេងៗ ស្រករក្រោយ។
ការលើកឡើងបែបនេះ ធ្វើឡើងក្រោយពី សាលាដំបូងរាជធានីភ្នំពេញ សម្រេចអនុញ្ញាតអោយ ឧកញ៉ាអ៊ាន សៀវមុី អ្នកលក់អនឡាញហើយក៏ត្រូវបានគេដាក់រហ័សនាមអោយថា ស្ដេចជេរ ត្រឡប់ទៅផ្ទះវិញ ក្រោយចូលខ្លួនបំភ្លឺ ជុំវិញពាក្យបណ្ដឹងរបស់លោកស្រី ទ្រី ដាណា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
សូមរំលឹកថា ប៉ុន្មានថ្ងៃមកនេះ រឿងរ៉ាវនៃ របស់លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានបណ្តាញអ្នកសារព័ត៌មានជាច្រើន លើកយកមកធ្វើជាប្រធានបទ ដ៏ក្តៅគគុកមួយ ខណៈពេលដែលឧកញ៉ាខាងលើនេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះទៅដល់ផ្ទះតាមបង្គាប់ឲ្យនាំខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជាយោងតាមពាក្យបណ្តឹងរបស់លោកស្រី ទ្រី ដាណា ដោយបង្គាប់ឲ្យឃាត់ខ្លួនឧកញ៉ារូបនេះតែម្ដងពាក់ព័ន្ធនឹងករណី បរិហាកេរ្តិ៍ជាសាធារណៈ និងញ៉ុះញង់ឲ្យមានការរើសអើង ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ៕








