ស្រវឹងស្រាស្រឿងៗ ទាញកាំបិតកាប់ដៃគូ ផឹកជាមួយគ្នារបួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល (Video)

0

ភ្នំពេញ៖ អង្គុយផឹកស្រាជាមួយគ្នាសុខៗ លុះស្រវឹងស្រឿង ស្រាប់តែបុរសម្នាក់ទាញកាំបិត កាប់ដៃគូផឹកស៊ីជាច្រើនកាំបិតរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចរោងចាំចំការមួយកន្លែង ស្ថិតក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តណ្តាល។

បើតាមសមត្ថកិច្ចស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ប៊ុនយ៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រីឯជនស្ស័យមានឈ្មោះ សារ៉ាយ សុខរ៉េន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ជនរងគ្រោះនិងជនសង្ស័យ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពដដែលបន្តថា នៅវេលាថ្ងៃកើតហេតុជនសង្ស័យ បានសុំប្រាក់ម្តាយរបស់ខ្លួនចំនួន៥០០, ០០០រៀល ដើម្បីយកទៅទិញម៉ាស៊ីនបូមទឹកដាក់ដំណាំ លុះដល់វេលាម៉ោងប្រហែល១០ព្រឹកជនសង្ស័យ និងជនរងគ្រោះ បានយកម៉ាស៊ីនបូមទឹកនោះមកទុកនៅផ្ទះរបស់ខ្លួន រួចហើយជនសង្ស័យក៏បបួល ជនរងគ្រោះទៅរោងចំការរបស់ខ្លួន និងហៅបក្ខពួកម្នាក់ផ្សេងទៀតទៅរោងចំការដែរ ហើយក៏នាំគ្នាទិញស្រាបៀផឹក រហូតដល់វេលាម៉ោង ៦៖៣០នាទី ពុំដឹងជាមានមូលហេតុអ្វី ស្រាប់តែជនសង្ស័យបានយក កាំបិតកាប់ទៅលើជនរងគ្រោះពីខាងក្រោយជាច្រើនកាំបិត ខណៈកំពុងអង្គុយផឹក បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ បន្ទាប់ពីកាប់រួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិ យកមកសំរាកព្យាបាល នៅមណ្ឌលសុខភាពតាលន់ ។ បច្ចុប្បន្នកម្លាំងផ្នែកជំនាញស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាល តាលន់កំពុងកសាងសំណុំរឿង និងស្វែងរកមុខសញ្ញាជនសង្សយ័ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕