លែងអណ្តើកហ្លួង ១០ក្បាល ដែលជាប្រភេទជិតផុតពូជបំផុត ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល 

0

ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និង នាយកដ្ឋានអភិរក្សជលផលនៃ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយឧទ្យានសត្វព្រៃសឹង្ហបុរី (Wildlife Reserves Singapore-WRS) បានលែងអណ្តើកហ្លួង ឬអណ្តើកសរសៃ ចំនួន ១០ក្បាល ដែលជាប្រភេទជិតផុតពូជបំផុត ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងឃុំចំការហ្លួង ស្រុកកំពុងសីលា ខេត្តព្រះសីហនុ។

ការលែងអណ្តើកហ្លួងនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរយៈពេល ជិតពីរទសវត្សរ៍ក្នុងការការពារសំបុកអណ្តើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្តើកទាំងអស់ នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង និងការការពារសត្វអណ្តើកនៅ ក្នុងសហគមន៍តាមដងព្រែកស្រែអំបិល ដែលគាំទ្រដោយ WRS និងដៃគូមួយចំនួនទៀត។ នេះគឺជាការលែងអណ្តើកហ្លួង លើកទីប្រាំចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល បន្ទាប់ពីការលែងលើកទី១ក្នុងឆ្នាំ ២០១៥ លើកទី២ក្នុងឆ្នាំ ២០១៧ លើកទី៣ ក្នុងឆ្នាំ២០១៩ និងលើកទី៤ ក្នុងឆ្នាំ២០២០ ដែលសរុបទាំងប្រាំលើក មានចំនួន ៩៦ក្បាល។

ពិធីលែងនេះ បានរៀបចំធ្វើឡើងក្រោមគម្រោង មួយដែលគាំទ្ររួមគ្នាដោយសហភាពអឺរ៉ុប (EU), ឧទ្យានសត្វព្រៃWRS, Rainforest Trust, US Forest Service និង  Turtle Survival Alliance ហើយដែលគម្រោង នេះអនុវត្តដោយអង្គការ WCS ប្រចាំកម្ពុជា សហការជាមួយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ៕