ធ្ងន់កហើយ ពេលនេះសម្ដេច ស ខេង បញ្ជាឲ្យស៊ើបអង្កេតករណី លោកផ្កាយ១ ស្នងការរងខេត្តតាកែវ ចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ ២០ម៉ឺនដុល្លារ (Video)

0

ភ្នំពេញ៖ កាន់តែធ្ងន់កហើយ ពេលនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយកេដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ឯក សេង វណ្ណៈ ប្រធាននាយកដ្ឋានទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល ដឹកនាំសហការី ៥នាក់ចុះទៅកាន់ខេត្តតាកែវ ៥ថ្ងៃចាប់ពីថ្ងៃទី២៥-២៩ ខែមករា ឆ្នាំ២០២១ ដើម្បីស៊ើបអង្កេតស្រាវជ្រាវពាក្យបណ្ដឹងចោទប្រកាន់ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង អត្តលេខ ៣០២៦៨ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តតាកែវ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ចំនួន ២០ម៉ឺនដុល្លារ ។

ការបញ្ជាឲ្យមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចុះមកអង្កេតស្រាវជ្រាវលើលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង គឺធ្វើឡើងយោងទៅតាមពាក្យបណ្ដឹង របស់មន្ត្រីនគរបាលខេត្តតាកែវ និងបងប្អូនប្រជាពលរដ្ឋមួយចំនួនក្នុងខេត្ត ដែលបានប្ដឹងមកកាន់ក្រសួងមហាផ្ទៃ ដោយបានចោទប្រកាន់ លោកផ្កាយ១ ហ៊ិន សុខេង ថាពុំមានស្នាដៃក្នុងការបង្ក្រាបបទល្មើស គឺបានតែអួតអាងបង្កើតបក្សពួក គំរាមកំហែងថ្នាក់ក្រោម គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ។

យោងតាមពាក្យបណ្ដឹងរបស់ មន្រ្តីនគរបាល និងប្រជាពលរដ្ឋ ដែលផ្ញើជូនទៅសម្ដេច ស ខេង បានរៀបរាប់បន្តថា កាលពីចុងឆ្នាំ២០១៩ កន្លងមកនេះលោកផ្កាយ១ ហ៊ិន សុខេង រួមជាមួយបក្សពួកបានចាប់បង្ខាំង ជនរងគ្រោះជំរិតយកប្រាក់ចំនួន ២០ម៉ឺនដុល្លារ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ នៅពេលនោះលោក ហ៊ិន សុខេង និងលោកវីរសេនីយ៍ទោ សេក ទូច រួមទាំងបក្ខពួកបានធ្វើសកម្មភាព ចាប់បង្ខាំងជនរងគ្រោះជនជាតិវៀតណាមចំនួន ៣នាក់ និងជនជាតិខ្មែរចំនួន ២នាក់ជំរិតទាប្រាក់ ១០ម៉ឺនដុល្លារ និងបានដកហូតយកខ្សែដៃ ខ្សែក ចិញ្ចៀនពេជ្រ ពីជនរងគ្រោះដោយមានលោកវរសេនីយ៍ទោ រស់ សេន នាយរងការិយាល័យបុគ្គលិក ជាអ្នកបកប្រែ ហើយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មានតំណាងជនរងគ្រោះចំនួន ២នាក់បានមកប្ដឹងតវ៉ាដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ គឺលោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និងលោកឧត្តមសេនីយ៍ទោ សុខ សម្បត្តិ បម្រើការងារនៅអគ្គនាយកដ្ឋានភស្តុភារវត្ថុ នៃក្រសួងការពារជាតិ ក្នុងគោលបំណងទាមទារឲ្យ អនុវត្តច្បាប់ចំពោះមន្ត្រីនគរបាលជាន់ខ្ពស់ខាងលើ និងទាមទាយកសម្ភារៈដែលបាន ដកហូតពីជនរងគ្រោះត្រឡប់មកវិញ ។

ក្រោយពីមានបណ្ដឹងតវ៉ា ក៏មានស្នងការរងនៅស្នងការដ្ឋាននគរបាលខេត្តតាកែវម្នាក់ មិនស្គាល់ឈ្មោះបានយកសម្ភារៈប្រគល់ ជូនជនរងគ្រោះវិញនៅរាជធានីភ្នំពេញ។ ករណីខាងលើនេះ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ធ្លាប់បានកោះហៅលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង មកសាកសួរដំណើររឿង បង្ខាំងមនុស្សដោយខុសច្បាប់ ម្ដងរួចមកហើយដែរ។ ម្យ៉ាងវិញទៀតលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង បានធ្វើឲ្យពលរដ្ឋក្នុងខេត្តតាកែវ ភ័យខ្លាចនិងបាត់ទំនុកចិត្ត មកលើសមត្ថកិច្ចដែលជា អ្នករក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ពិសេសការកើតមានបទល្មើស ជាបន្តបន្ទាប់ក្នុងមូលដ្ឋានខេត្តតាកែវ ៕