មកទៀតហើយ! ស្រ្តី២នាក់ បន្លំធ្វើជាទិញឥវ៉ាន់ លួចយកកាបូបលុយ និងគ្រឿងអលង្ការពីអាជីវករ

0

ភ្នំពេញ ៖ មានជនមិនស្គាលមុខចំនួន០២នាក់ ជាស្ត្រី បានធ្វើសកម្មភាពលួចយកកាបូបលុយ និងគ្រឿងអល័ង្ការ ពីអាជីវករលក់ដូរឥវ៉ាន់ចាប់ហួយ នៅផ្សារហ៊ុយឡេង ដែលមានទីតាំងភូមិស្រះឈូកខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើត ឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ត្រី ប៉ិក គឹមហ៊ាក់ អធិការរង ទទួលការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មានឈ្មោះ ឈឿង ប៊ុនឆុំ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិកណ្តាលខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក បានបតឹងថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មានជនមិនស្គាល់មុខ បានធ្វើសកម្មភាពបន្លំទិញបន្លែ លួចយកកាបូបលុយម្តាយរបស់ខ្លួនឈ្មោះ កាន់ យឺង អាយុ៦០ឆ្នាំ នៅភូមិកណ្ដាលខាងកើត ឃុំស្រះជីកស្រុកភ្នំស្រុក ខេត្ត បន្ទាយមានជ័យ ជាអាជីវករលក់បន្លែនិងគ្រឿងទេស នៅផ្សារហ៊ុយឡេង ស្រុកភ្នំស្រុក ។

លោកអធិការរងបានបន្តថា ក្រោយពីទទួលបានបណ្តឹង លោកបានដឹកនាំកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌនៃអធិការដ្ឋាននគរ បាលស្រុក ចុះទៅពិនិត្យនៅកន្លែងកើតហេតុនិងបានឆែកកាម៉ារ៉ាសុវត្ថិភាព បានឃើញមុខសញ្ញាធ្វើសកម្មភាពលួចយកកាបូបប្រាក់ប្រាកដមែន តែមើលមុខសញ្ញាមិនស្គាល់ទេ និយាយសំលេង មិនមែនជាអ្នកភ្នំស្រុកទេ គឺមុខសញ្ញាក្រៅស្រុក។

លោកអធិការរង វរសេនីយ៍ត្រីប៉ិក គឹមហ៊ាក បានឲ្យដឹងថាទៀតថា ករណីចោរលួចកាបូបលុយនេះ ប្រហែលជាម៉ោងព្រឹកថ្ងៃទី២២ ម្ចាស់កាបូបមិនដឹងទេ លុះដល់ម៉ោង១១ព្រឹកទើបម្ចាស់ដឹងថាបាត់កាបូបលុយ ខណៈពេលម្ចាស់រកកាបូបលុយទៅទិញអីវ៉ាន់ នៅផ្សារក្រុងសិរីសោភ័ណ្ឌ ទើបដឹងថាបាត់កាបូបប្រាក់។ក្នុងកាបូបនោះមាន៖១-ប្រាក់រៀលចំនួន៣.៦០០.០០០រៀល(បីលានប្រាំមួយសែនរៀលគត់) ,២-ប្រាក់បាតចំនួន៣៨.០០០បាត(បីម៉ឺនប្រាំបីពាន់បាត), ៣-ប្រាក់ដុល្លារចំនួន១០០$(មួយរយដុល្លារ) ,៤-កាតគ្រីម៉ូតូចំនួន២សន្លឹក, ៥-កាតគ្រីឡានចំនួន១សន្លឹក, ៦-អត្តសញ្ញាណប័ណសញ្ជាតិខ្មែរចំនួន២សន្លឹក ,៧-លិខិតឆ្លងដែនចំនួន១ក្បាល, ៨-ខ្សែរករផ្លាកទីនចំនួន១ខ្សែទំងន់០៥ជី, ៩-ខ្សែរដៃមាសចំនួន០១ខ្សែ ទម្ងន់០៥ជី ។ បើពិនិត្យតាមកាម៉ារ៉ាសុវត្ថិភាព ឃើញមានស្ត្រីចំនួន០២នាក់ អាយុប្រហែល៤០ឆ្នាំ ម្នាក់ពាក់អាវពណ៍ស ខោពណ៌កាហ្វេ ពាក់មួកស្លាបពណ៌ប្រផេះ ម្នាក់ទៀតពាក់អាវខាងក្រៅពណ៍ខ្មៅ(Adidas) ពាក់មួកស្លាបពណ៌កាហ្វេ បានមកធ្វើសកម្មភាពទិញបន្លែ ដូចជាណាំង៉ូវ ត្រកួន ត្រសក់ និងមើមខ្ទឹមសរ ក្នុងពេលនោះម្ចាស់កាបូបមិនបានចាប់អារម្មណ៍ព្រោះរវល់លក់ដូរ ធ្វើឲ្យជនសង្ស័យក៏ឆ្លៀតឱកាស ធ្វើសកម្មភាពចូលទៅក្នុងតូបលួចយកកាបូបដាក់លុយដែលទុកក្នុងធុងក្បែរកន្លែងគាត់អង្គុយលក់យកទៅបាត់គេចខ្លួនដោយសុវត្ថិភាព ។

ករណីនេះកម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញា ដើម្បីចាប់យកមកផ្តន្ទាទោស តាមច្បាប់ ៕