ភ្នំពេញ៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រោយពីទទួលបានព័ត៌មានពីម្ដាយជនរងគ្រោះ តាមរយៈទូរស័ព្ទថា មានចោរចំនួនពីរនាក់ ជិះម៉ូតូហុងដាវេវពណ៌ស ក្នុងនោះមានម្នាក់មានស្នាមសាក់ ពេញមុខ និងសាក់ចិញ្ចើម ជាអ្នកធ្វើសកម្មភាព លួចយកម៉ូតូរបស់កូនគាត់។
ក្រោយពីទទួលព័ត៌មាននឹងភិនភាគ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញា បានឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ នួន ហួរ (ហៅអាយក្ស ) ភេទប្រុស អាយុ២០ឆ្នាំ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាំយមានជ័យ និងបានសួរនាំរកម៉ូតូ ជនសង្ស័យបានបង្ហាញទីតាំង ដែលពួកគេលាក់ទុក គឺនៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ១ កម្លាំងបានធ្វើការដកហូត យកម៉ូតូនិងបានប្រគល់ជូន ម្ចាស់ដើមវិញ ចំណែកជនសង្ស័យ ត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿង តាមនីតិវិធី៕


