ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលទំនប់ទឹក បានចុះជួយអន្តរាគមន៍ករណី ឈ្លោះប្រកែកគ្នារវាងអ្នកជិតខាង បន្ទាប់ពីទទួលបានព័ត៌មាន ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋតាមរយៈ លេខទូរស័ព្ទទាន់ហេតុការណ៍ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកចុះទៅដល់គោលដៅកើតហេតុភ្លាមៗ នៅចំណុផ្ទះលេខ១០និង១៦ ផ្លូវ១៩៧ Z ក្រុម២១ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
ហេតុការណ៍នេះកើតឡើង បណ្តាលមកពីទំនាស់ព្រំដីជាប់គ្នា ភាគីម្ខាងដែលមានថូផ្កា នៅព្រំដីហើយបានចាក់ទឹកលើថូផ្កានោះ មានហៀរទឹកចូលមកមុខផ្ទះភាគីម្ខាងទៀត ភាគីនេះក៏មានប្រតិកម្មតបវិញ ។ ហេតុការណ៍ខាងលើនេះ គឺជាការទំនាស់ដោយពាក្យសំដីទៅវិញទៅមក មិនមានការប្រើអំពើហិង្សានោះទេ ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការសម្របសម្រួល ដោយភាគីម្ខាងយល់ព្រមរំកិលថូផ្កា មិនឲ្យជាន់លើព្រំនឹង ឲ្យបោសជូតទឹកឲ្យស្អាតវិញ ។
ក្រោយសម្របសម្រួលរបស់សមត្ថកិច្ច ភាគីទាំងពីរ បានទទួលយល់ព្រមតាមសមត្ថកិច្ច ហើយភាគីទាំងពីរក៏បាន រំសាយចូលផ្ទះវិញរៀងៗខ្លួន ៕


