ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា មានប្រជាពលរដ្ឋប្រទះ ឃើញគ្រាប់បែកទម្លាក់ ពីយន្តហោះប្រភេទ MK82 ទម្ងន់ប្រមាណ ២៣០គីឡូក្រាម ហើយនាំគ្នាសែងគ្រាប់បែកនោះ មកដាក់លើពូកជាប់ជញ្ជាំងផ្ទះ តែម្ដង។
ការនាំគ្នាសែងគ្រាប់បែក ទៅដាក់លើពូកក្បែរជញ្ជាំងផ្ទះ ពុំត្រូវបានលោក ហេង រតនា បញ្ជាក់ពីទីកន្លែងជាក់លាក់នោះទេ គ្រាន់តែលោកដាក់ថា នៅខេត្តកោះកុង ។
លោក ហេង រតនា បានសរសេរលើហ្វេសប៊ុក នៅរសៀលថ្ងៃទី២០ មករានេះថា «ម្យ៉ាងដែរ ជួបប្រទះឃើញគ្រាប់បែកទម្លាក់ ពីយន្តហោះប្រភេទ MK82 ទម្ងន់ប្រមាណ ២៣០គីឡូក្រាម ចេះនាំគ្នាសែងគ្រាប់បែកនោះ មកដាក់លើពូកជាប់ជញ្ជាំងផ្ទះហ្នង» ។
ជាមួយគ្នានោះលោក បានអំពាវនាវជាថ្មី ហាមប៉ះពាល់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ករណីជួបប្រទះឃើញ និងទទួលបានពត៌មាន សូមទាក់ទងរាយការណ៍ ជូនកំលាំងស៊ីម៉ាក់ ឬកំលាំងនគរបាលមូលដ្ឋាន ដើម្បីសហការដោះស្រាយជូន ៕



