ខឹងគូស្នេហ៍ បណ្ដើរសង្សារថ្មី យុវជនម្នាក់គំរាមបង្ហោះ រូបភាពរួមភេទ ជាមួយនាង ដើម្បីគំរាមទារលុយ

0

ភ្នំពេញ៖ យុវជនសង្ស័យម្នាក់ ត្រូវបាននគរបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួនក្រោយយុវជនរូបនេះ បានផ្ញើសារសំឡេងតាម messenger គំរាមទារប្រាក់ពីនារី ជាសង្សារជាថ្នូរ នឹងការមិនបង្ហោះរូបអាសអាភាស រវាងជនរងគ្រោះ និងជនសង្ស័យធ្លាប់បាន គេងជាមួយគ្នា និងគំរាមសម្លាប់ថែមទៀត ដោយជនសង្ស័យខឹង ជនរងគ្រោះដើរលេង ជាមួយបុរសម្នាក់ជាសង្សារថ្មី ។

យុវជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីម៉ោង ១៖៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចកន្លែងលាងម៉ូតូភូមិខ្វា សង្កាត់ដង្កោ រាជធានីភ្នំពេញ ដោយអនុវត្តតាមបណ្តឹង របស់នារីរងគ្រោះ ។

បើតាមសេចក្តីរាយការណ៍ ពីអធិការដ្ឋាននគរបាលខណ្ឌដង្កោឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ សឿ សារ៉ន ហៅរាជ សុវណ្ណារាជ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រកបមុខរបរបុគ្គលិកក្រុមហ៊ុន នាំពលករខ្មែរទៅប្រទេសជប៉ុន បានទូរស័ព្ទគំរាមនារីរងគ្រោះ អាយុ ៣១ឆ្នាំ ធ្វើការក្នុងក្រុមហ៊ុនជាមួយគ្នា ដោយគំរាមថា នឹងបង្ហោះរូបភាពអាសអាភាស ដែលខ្លួនដេកជាមួយនាង កាលពីអំឡុងចុងឆ្នាំ២០២០ និងគំរាមសម្លាប់នារីរងគ្រោះ និងបានជេរប្រមាថប្រើពាក្យធ្ងន់ៗ ជាច្រើនទៀត ខណៈដែលនារីរងគ្រោះ បានដើរលេងជាមួយ បុរសម្នាក់ទៀត នៅភ្នំតាម៉ៅ ខេត្តតាកែវ ។

សេចក្តីរាយការណ៍ ពីអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឱ្យដឹងទៀតថា កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះធ្លាប់ត្រូវបានជនសង្ស័យ នាំទៅលេងផ្ទះនៅខេត្តកំពង់ចាម ហើយជនសង្ស័យក៏បាន រៀបចំបន្ទប់ឱ្យជនរងគ្រោះដេក រួចធ្វើសកម្មភាពចាប់បង្ខំរួមភេទ បានសម្រេច ១លើក និងលួចថតរូបភាពនៅ ពេលដេកជាមួយ គ្នានោះតាមទូរស័ព្ទ ។ នៅពេលនោះ ជនសង្ស័យក៏បាន គំរាមជនរងគ្រោះថា បើហ៊ានប្តឹង ឬទៅប្រាប់អ្នកដទៃរូបគេ នឹងបង្ហោះរូបភាពនេះ ចូលក្នុងហ្វេសប៊ុក ឱ្យផ្អើលតែម្តង ។ ដោយបានរូបភាពនឹងដៃបែបនេះ ហើយជនសង្ស័យ ក៏បានតម្រូវឱ្យជនរងគ្រោះទិញម៉ូតូម៉ាក PCX ១គ្រឿងតម្លៃ ២៥០០ដុល្លារ ទៅឱ្យជនសង្ស័យ បើមិនធ្វើតាមទេ រូបគេនឹងយករូបភាពនេះទៅបង្ហោះ ។ ជនរងគ្រោះខ្លាចខ្មាស់គេ ក៏បានទិញម៉ូតូតាមការចង់បាន របស់ជនសង្ស័យ ដោយធ្វើការបង់រំលស់រយៈពេល ៣ឆ្នាំ ។

សមត្ថកិច្ចបន្តថា បន្ទាប់មកនៅថ្ងៃខាងលើ ដោយការគំរាមកំហែង និងគាបសង្កត់ ពីជនសង្ស័យខ្លាំងពេក ជនរងគ្រោះទ្រាំពុំបាន ក៏សម្រេចចិត្តប្តឹងរាយការណ៍ ទៅសមត្ថកិច្ច ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានផ្ញើសារជេរប្រមាថ និងគំរាមជនរងគ្រោះ ដោយវត្ថុតាងតាមរយៈសំឡេង ផ្ញើសារនៅក្នុងទូរស័ព្ទ មិនអាចប្រកែកបាន ។ នៅថ្ងៃទី១៩ ខែមករា ជនសង្ស័យត្រូវបាន បញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ដោយរងការចោទប្រកាន់ ពីបទ គំរាមកំហែងដោយមានបញ្ជា ឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ៕