ភ្នំពេញ៖ គួរឲ្យអាណិតអាសូរជាពន់ពេក ម្ដាយនិងកូនឃើញសត្វឆ្កែរបស់ខ្លួនលង់ទឹក ក៏ចុះទៅជួយតែជាអកុសល បែរជាលង់ស្លាប់ទាំងពីរនាក់ យ៉ាងអាណោចអាធ័មទៅវិញ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល នៅចំណុចព្រែកកណ្ដាល ស្រះចិញ្ចឹមត្រី មួយកន្លែងកាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ មិន សុភាព ភេទស្រី អាយុ ៤០ឆ្នាំ ត្រូវជាម្ដាយ និង ឈ្មោះ យឹម គឹមមួយ ភេទស្រី អាយុ១៦ឆ្នាំត្រូវជាកូន រស់នៅភូមិកើតហេតុខាងលើ ។
បើតាមប្រភពពីសាក្សីនៅជិតកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ២៖៣០នាទីរសៀល បានឃើញម្ដាយនិងកូនជិះម៉ូតូ ចូលទៅកន្លែងកើតហេតុ តាមការសង្ស័យមូលហេតុខាងលើ បណ្ដាលមកពីឆ្កែធ្លាក់ចូលក្នុងស្រះ ហើយម្ដាយនិងកូនព្យាយាមជួយ ទើបបណ្ដាលឲ្យលង់ទឹកស្លាប់ ទាំងពីរនាក់ដូច្នេះ ។
បច្ចុប្បន្ន សាកសពជនរងគ្រោះទាំងពីរនាក់ បានរក្សាទុកនៅកន្លែងកើតហេតុ រង់ចាំសមត្ថកិច្ចជំនាញខាង កោសល្យវិច័យពិនិត្យ ទៅតាមនីតិវិធី ៕

