ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ វណ្ណ ផេង អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានដឹកនាំក្រុមការងារប្រតិបត្តិការ នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដោយមានការសម្របសម្រួលពីតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីសមត្ថកិច្ច ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បា នចុះបង្ក្រាប និងរឹបអូសផលិតផលបារីអេទ្បិចត្រូនិច ខុសច្បាប់ ចំនួនពីរទីតាំង ស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ទោ វណ្ណ ផេង បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៦ មករាថា ដោយពិនិត្យស្ថានភាពបច្ចុប្បន្ននេះ បារីអេទ្បិចត្រូនិច (E-Cigarette ឬ Vape) កំពុងបានផ្សព្វផ្សាយតាមបណ្តាញសង្គម ជាឧបករណ៍ផ្តាច់បារី ប៉ុន្តែវាពុំដូច្នោះទ្បើយ ហើយអ្នកប្រើប្រាស់ក៏កំពុងមានការយល់ច្រទ្បំ ធ្វើឲ្យមានការកើនទ្បើងនៃការប្រើប្រាស់ និងកំពុងបានចរាចរលក់ ចែកចាយនៅលើទីផ្សារកម្ពុជា ដោយរូបភាពលួចលាក់គួរឲ្យគត់សំគាល់ ។
លោកឧត្តមសេនីយ៍ទោ បន្តថា ទោះបីផលិតផលនេះ មិនមានសារធាតុញៀន ដែលមានចែងក្នុងតារាងឧបសម្ព័ន នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប៉ុន្តែវាមានផ្ទុកនូវសារធាតុនីកូទីន សំយោគក្នុងកម្រិតខ្ពស់ ដែលបង្កឲ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សុខភាព ដែលនឹងអាចមានបញ្ហាប្រឈម កើតមហារីកសួត មហារីកក្រពៈ មហារីកបំពង់អាហារ ជំងឺផ្លូវដង្ហើម ជំងឺបេះដូច និងតម្រងនោមជាដើម ។
លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា ឧបករណ៍ជក់សម័យថ្មីមួយនេះ អាចនឹងមានគ្រោះថ្នាក់កាន់តែខ្លាំង ជាងបារីទៀតប្រសិនបើមានការផលិត ឬជនខិលខូចលាយបញ្ជូលនូវថ្នាំសម្រើប ឬគ្រឿងញៀនចូល ។ មហាជនទូទៅយល់ថា SHISHA និង E-Cigarette គឺជាប្រភេទញៀនថ្មីកំពុងបង្កហានិភ័យ ដល់យុវជនកម្ពុជានាពេលបច្ចុប្បន្ន និងអានាគត ជាពិសេសពង្វក់ស្មារតីយុវជនខ្មែរឲ្យឈ្លក់វង្វែង ឈានទៅបោះបង់ការសិក្សា ការងារ និងបង្កបញ្ហាសង្គមផ្សេងទៀត គួរឲ្យព្រយបារម្ភ ៕














