ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូរ៉ឺម៉កលក់ប្រហិត ឆ្លងកាត់ផ្លូវបំបែកជាបួន បំពានភ្លើងស្តុបចរាចរណ៍ ត្រូវរថយន្ត PRIUS បុកបើងក្រឡាប់រ៉ឺម៉កផ្ងារជើងម្ខាង សង្កត់ម្ចាស់រងរបួសដៃ និងជើង ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវបំបែកជាបួន លើផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤៣ (ស្តុបគីរីរម្យ) ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក តូយ៉ូតា ព្រូស (TOYOTA PRIUS) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-5531 បើកបរដោយនារីរូបស្រស់វ័យក្មេងម្នាក់ និងបុរសម្នាក់ទៀតជាអ្នករួមដំណើរ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៤៣ ទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុច កើតហេតុ(ផ្លូវបំបែកជាបួន ស្តុបគីរីរម្យ) ភ្លើងស្តុបពណ៌បៃតង រថយន្តបានបន្ថែមល្បឿនឆ្លងកាត់ បានពាក់កណ្ដាលផ្លូវហើយក៏ស្រាប់ តែមានបុរសម្នាក់ទំនងជាស្រវឹងស្រា បើកបរម៉ូតូរ៉ឺម៉កលក់ប្រហិត (ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AH-0104) ធ្វើដំណើរតាមផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនល្មម ដោយឆ្លងកាត់ផ្លូវបំបែកជាបួន ទាំងបំពានភ្លើងស្តុបចរាចរណ៍ (ពណ៌ក្រហម) បំណងចង់បើកឲ្យផុតតែមិនផុត ក៏ត្រូវរថយន្តខាងលើបើកទៅបុកពេញទំហឹង ប៉ើងខ្ទាតរាយប៉ាយប្រហិតនិងសម្ភារពេញផ្លូវ ក្រឡាប់រ៉ឺម៉កផ្ងារជើងម្ខាង សង្កត់ម្ចាស់រងរបួសដៃនិងជើង ចំណែករថយន្តបានខ្ទាតទៅប៉ះ ខឿនចិញ្ចើមផ្លូវបន្តិចទៀត ក៏ផ្ទុះពោងការពារសុវត្ថិភាព និងរលត់ម៉ាស៊ីនបើកទៅមុខមិនរួច បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ម្ចាស់រ៉ឺម៉កលក់បរហិតឈ្មោះ រ៉េត ភារ៉ា អាយុជាង៣០ឆ្នាំ បានរៀបរាប់ថា នៅមុនពេលកើតហេតុ រូបគាត់លក់ប្រហិតបណ្ដើរ ភ្ញៀវដែលមកទិញប្រហិត ហៅគាត់ហូបកំដរបណ្ដើរ គាត់ក៏បានហូបតិចតួចដើម្បីកំដរភ្ញៀវ លុះពេលដល់ម៉ោងកើតហេតុ គាត់បានបើករ៉ឺម៉កប្រហិតត្រលប់ទៅផ្ទះវិញ តាមបណ្ដោយផ្លូវ ព្រះសីហនុ ពីកើតទៅលិចនិងបានទទួលស្គាល់ថា ខ្លួនបើកបរដោយស្ថានភាពស្រវឹង និងមិនបានគោរពភ្លើងសញ្ញាចរាចរណ៍ ពិតមែនតែដោយសារតែគ្មានលទ្ធភាព គាត់ក៏សុខចិត្តលុតជង្គង់ និងលើកដៃសំពះ សុំទោសទៅកាន់នារីវ័យក្មេងម្ចាស់រថយន្ត និងព្រមទទួលស្គាល់កំហុសរបស់ខ្លួន ដើម្បីឲ្យម្ចាស់រថយន្តលើកលែងទោស មិនយកទោសពៃរ៍ ប៉ុន្តែភ្លាមៗនោះម្ចាស់រថយន្ត មិនទាន់ឆ្លើយតបភ្លាមទេ ព្រោះបុរសម្ចាស់រ៉ឺម៉កលក់ប្រហិត បើកបរក្នុងស្ថានភាពស្រវឹងហើយ បើកបរទាំងបំពានភ្លើងស្តុបចរាចរណ៍ ទើបបានជានាងបើកទៅបុក បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ដូច្នេះហើយនាងមិនទាន់សម្រេចចិត្តភ្លាមៗបានឡើយ ដោយសុំពេលថតរូបភាព និងទូរស័ព្ទប្រាប់ប៉ារបស់នាងសិន។ តែចាត់ទុកថា សំណាងទៅចុះ ដែលប៉ារបស់នាងមានចិត្តអាណិត និងឃើញរបួសហើយខូចខាត សម្ភារលក់ប្រហិតអស់ទៀត ទើបសម្រេចចិត្តអប់រំណែនាំ ម្ចាស់រ៉ឺម៉កលក់ប្រហិតថា លើកក្រោយបើកបរគោរពភ្លើងស្តុបផង បើស្រវឹងហើយកុំបើកបរអី រួចបិទទូរស័ព្ទបាត់ទៅ ។
ក្រោយកើតហេតុ នារីរូបស្រស់វ័យក្មេងម្ចាស់រថយន្ត ក៏បានយករថយន្តរបស់ខ្លួន ដែលខូចខាតយកទៅជួសជុលខ្លួនឯង ដោយមិនទាមទារ សំណងអ្វីទាំងអស់ ៕