កម្ពុជា មានវត្តមានសត្វក្រពើភ្នំ ច្រើនជាងគេលើពិភពលោក

0

ភ្នំពេញ៖ មន្រ្តីនៃអង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ (WWF) បានថ្លែងថានាពេលបច្ចុប្បន្ននេះ កម្ពុជានៅសេសសល់ក្រពើភ្នំ ដែលជាសត្វដ៏កម្របំផុតនៅលើពិភពលោក ចំនួនប្រមាណ ២០០-៣០០ក្បាល ហើយក្នុងចំណោមនេះស្ថិតនៅ ក្នុងតំបន់ជួរភ្នំក្រវាញទឹកដីខេត្តកោះកុង និងមួយចំនួនទៀតស្ថិតនៅ តាមតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរី ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងបរិស្ថាន ។

នៅក្នុងអំឡុងដំណើរទស្សនកិច្ច សារព័ត៌មានដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅដែលជម្រកសត្វព្រៃស្រែពកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កញ្ញា MILOU Groenenbrg ប្រធានផ្នែកតាមដាន និងអ្នកស្រាវជ្រាវជីវចម្រុះនៃអង្គការ​ WWF បានឱ្យដឹងថា នៅដងទន្លេស្រែពក និងភ្នំព្រេច ខេត្តមណ្ឌលគិរី គេបានប្រទះឃើញដានវត្តមានសត្វក្រពើភ្នំ។

កញ្ញាបានបន្តឱ្យដឹងថា សត្វក្រពើភ្នំជាប្រភេទសត្វដែលអៀនច្រើន ហេតុនេះគេកម្រឃើញ វាដោយផ្ទាល់ភ្នែកណាស់។ ដោយហេតុនេះដើម្បីដឹងថា វាពិតជាមានវត្តមាននៅកម្ពុជា នោះគេចាំបាច់ត្រូវតាមដានពីដានជើង, រូងរបស់វារស់នៅឬ ក៏លាមករបស់សត្វប្រភេទនេះជាចាំបាច់។ យ៉ាងណាក្តីសម្រាប់ស្លាកស្នាម និងអត្តសញ្ញាណដែលគេដឹងថា សត្វប្រភេទនេះពិតជាមានវត្តមាន ពិតឬក៏អត់នោះមានភាពងាយស្រួល ដោយសារស្លាកស្នាមរបស់វា មានភាពច្បាស់លាស់និងងាយស្រួលចំណាំផង។

កញ្ញា MILOU Groenenbrg បានថ្លែងដែរថា នៅឆ្នាំ២០១៩ គេបានធ្វើការសិក្សាស្រាវជ្រាវ ពីសត្វក្រពើភ្នំម្តងមកហើយ។ ចំណែកក្នុងឆ្នាំ២០២១នេះគេនឹងធ្វើការ សិក្សាស្រាវជ្រាវឱ្យបានទូលំទូលាយ ជាងឆ្នាំកន្លងមក។ ចំពោះការសិក្សាស្រាវជ្រាវនេះដែរ គឺប្រយោជន៍ដើម្បីអភិរក្សក៏ ដូចជាស្តារនូវពូជសត្វប្រភេទនេះ ឱ្យកាន់តែមានច្រើននៅកម្ពុជា។ ចំពោះការសិក្សានាឆ្នាំ២០២១នេះដែរ ដើម្បីឱ្យបានដឹងច្បាស់លាស់ថា សត្វប្រភេទនេះមានប៉ុន្មានក្បាល ហើយវាមានវត្តមាននៅទីណាខ្លះនៅកម្ពុជា។ ជាមួយគ្នាក្នុងឆ្នាំនេះដែរអង្គការរបស់ WWF នឹងសិក្សាទៅលើកត្តាគំរាមកំហែងរបស់វាផងដែរ។

ទាក់ទិនក្នុងរឿងនេះកញ្ញា MILOU Groenenbrg បានគូសបញ្ជាក់ថា នៅតំបន់ទន្លេស្រែពកក្នុងទឹកដី ខេត្តមណ្ឌលគិរីគឺជាទីកន្លែងល្អ នៃជម្រករបស់វាដោយសារមិនទាន់ មានមនុស្សចូលទៅរំខាន វាដល់ទីនោះនៅឡើយទេ។ កញ្ញាបានបន្តឱ្យដឹងថា ចំពោះការប្រឈមនៃសត្វក្រពើភ្នំ មានដូចជាការប្រមាញ់យកស្បែក ការនេសាទខុសច្បាប់, ការនេសាទដោយខ្សែភ្លើងឆក់ និងការរកពងក្រពើភ្នំពីសំណាក់ ពលរដ្ឋអ្នកស្រុកជាដើម។ ក្រៅពីការបាត់បង់ទីជម្រក ការដែលសត្វក្រពើប្រភេទនេះ បង្កាត់ពូជជាមួយសត្វក្រពើដទៃទៀត ដែលធ្វើឱ្យពូជរបស់វាលែងសុទ្ធដូចកាលពីមុន។

ជុំវិញបញ្ហាការស្តារសត្វក្រពើភ្នំឡើងវិញនេះដែរ កញ្ញា MILOU Groenenbrg បានបញ្ជាក់ថា បើសិនករណីសត្វប្រភេទនេះស្ថិតនៅ ក្នុងកម្រិតមួយប្រឈមនឹងការគំរាមកំហែងខ្លាំង និងពិសេសការឈានដល់បាត់បង់ពូជនោះ គេនឹងធ្វើការបង្កាត់ពូជវា រួចហើយយកកូនក្រពើភ្នំទាំងនោះ ទៅពន្លែងក្នុងតំបន់សុវត្តិភាពដែលវារស់នៅ។ ទាក់ទិនទៅនឹងការស្តារឡើងវិញ នៃសត្វប្រភេទនេះដែរគេនឹងធ្វើការជជែក ជាមួយថ្នាក់គ្រប់គ្រងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្រ្តីពាក់ព័ន្ធដើម្បី រកភាពច្បាស់លាស់មួយ។ សម្រាប់ នៅតំបន់ដងទន្លេស្រែពក គឺជាទីកន្លែងល្អមួយ ក្នុងការស្តារសត្វប្រភេទនេះ ដោយសារតែវាជាទីតាំងតំបន់ស្នូល ដែលជាកន្លែងអភិរក្សដ៏សំខាន់ ហើយក៏ស្ថិតនៅឆ្ងាយពី សហគមន៍ដែលពលរដ្ឋរស់នៅ។

ទាក់ទិនក្នុងរឿងនេះដែរលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានដឹកនាំក្រុមអ្នកសារព័ត៌មាន ចុះបំពេញទស្សនកិច្ចនៅក្នុងតំបន់ស្នូល នៃដែនជម្រកសត្វព្រៃស្រែកពក ខេត្តមណ្ឌលគិរីបានថ្លែងថា សត្វដ៏កម្រដែលប្រឈមនឹង ការបាត់បង់ពូជពិសេសសត្វក្រពើភ្នំ និងសត្វស្លាបប្រភេទសត្វខ្សឹប សត្វត្រយ៉ងយក្ស សត្វត្មាតនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថានបានរួមសហការ ជាមួយដៃគូដោយមានវិធានការមួយ ដែលគេកំពុងធ្វើដើម្បីអភិរក្សក្នុងនោះ វិធានការនៃការបង្កាត់ពូជ ដើម្បីបង្កើនបរិមាណសត្វកម្រនេះ និងលែងចូលធម្មជាតិ ដើម្បីរក្សានូវនិរន្តរភាពនៃវត្តមានសត្វ កម្រដែលជិតផុតទាំងអស់នៅកម្ពុជា។

លោករដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ចំពោះវិធានការបង្កាត់ពូជនេះ គឺគេបានចាប់ផ្តើមធ្វើមាន ដូចជាកន្ធាយក្បាលកង្កែប អណ្តើកហ្លួងជាដើម។ លោករដ្ឋេលេខាធិការបានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានមើលឃើញពីភាពចាំបាច់ ក្នុងកិច្ចការពារសត្វប្រភេទមួយចំនួន ដែលជិតផុតពូជ ឬក៏ជាការគំរាមកំហែងបំផុត នៅលើពិភពលោកក្នុងនេះ ដូចជាសត្វក្រពើភ្នំដែលសំបូរច្រើន នៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះដូចជាសត្វទន្សោង រមាំង សត្វខ្សឹប នៅប្រទេសកម្ពុជាក៏មាន ចំនួនច្រើនជាងគេផងដែរ។ ហេតុនេះដើម្បីកិច្ចការពារសត្វទាំងនេះ ឱ្យនៅគង់វង្សតទៅមុខទៀតនោះ ក្រសួងចាំបាច់ត្រូវសហការជាមួយដៃគូរ អ្នកជំនាញដើម្បីរៀបចំនូវវិធានការផ្សេងៗ ក្នុងការរក្សានិរន្តភាពនៃសត្វប្រភេទនេះ ឱ្យគង់វង្សនៅកម្ពុជា។

លោក សេង ទៀក នាយកអង្គការ WWF បានឱ្យដឹងដែរថា ការប្រឈមមុខបាត់បង់ពូជ សត្វក្រពើភ្នំមានច្រើនកត្តា ក្នុងនេះដូចជាក្នុងអំឡុងក្នុងឆ្នាំ២០០៣ដល់២០០៥ ប្រជាពលរដ្ឋបាននាំគ្នាមកប្រមូលពង របស់វានៅតាមតំបន់ទន្លេស្រែពក ប៉ុន្តែបន្ទាប់ពីតំបន់ទន្លេស្រែពកនេះ ត្រូវបានគេដាក់បញ្ចូលជាតំបន់ អភិរក្សធនធានធម្មជាតិស្នូល មកសកម្មភាពនេះបានលុបបំបាត់ទៅវិញ។

លោកថ្លែងដែរថា កាលពីមុនសត្វក្រពើភ្នំនេះ មិនត្រូវបានគេចាប់អារម្មណ៍ទេ ប៉ុន្តែទើបតែឆ្នាំ២០១៩ គេបានស្គាល់ពីសត្វប្រភេទនេះជាក់លាក់ ហើយបានធ្វើការសិក្សាស្រាវជ្រាវ និងបានអភិរក្សសត្វប្រភេទកម្រនេះឡើង។ ជាមួយគ្នានេះលោកថ្លែងអំណរគុណ ដល់ដៃគូរពាក់ព័ន្ធពិសេសក្រសួងបរិស្ថាន ដែលបានចូលរួមកិច្ចសហការ ក្នុងកិច្ចការពារអភិរក្សសត្វកម្រៗ នៅកម្ពុជាក៏ដូចជាពិភពលោក និងពិសេសសត្វក្រពើភ្នំដែលជា សត្វកម្របំផុតក្នុងលោកឱ្យគង់វង្សនៅកម្ពុជា ៕