ភ្នំពេញ៖ នៅចំណុចក្នុងរោងការ ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មវិធីរៀបមង្គលការមួយ ដែលមានភ្ញៀវទាំងសងខាង បានចូលរួមផឹកស៊ីរាំរែក សប្បាយគ្រប់ៗគ្នា។ លុះផឹកស្រវឹងរៀងៗខ្លួន ក្រុមទាំង២បានឌឺដងដាក់គ្នា រហូតឈ្លោះប្រកែកគ្នា បានយកកៅអី ចាន កែវ ថូផ្កា គប់គ្នាទៅវិញទៅមក បណ្តាលឲ្យមានរបួសស្នាមរៀងៗខ្លួន ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រុមបង្កទាំងសងខាង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី។
តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យ២ក្រុម ៖ ក្រុមទី១ ខាងកូនកំលោះ មានគ្នា៤នាក់ រួមមាន ៖
១-ឈ្មោះ ម៉េត សុភីន ភេទប្រុស ជនជាតិខ្មែរ អាយុ២២ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ត្រូវជាកូនកំលោះ មានរបួសស្នាមបែកក្បាល (ឃាត់ខ្លួន) ។
២-ឈ្មោះ ម៉េត លាភ ភេទប្រុស ជនជាតិខ្មែរ អាយុ៣០ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ត្រូវជាពូរបស់កូនកំលោះ មានរបួសស្នាមបែកសៀតថ្កា (ឃាត់ខ្លួន) ។
៣-ឈ្មោះ ងួន សុភា ភេទប្រុស ជនជាតិខ្មែរ អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ត្រូវជាភ្ញៀវខាងកូនកំលោះ មានរបួសស្នាមបែកចិញ្ចើម (ឃាត់ខ្លួន) ។
៤-ឈ្មោះ អេង រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីនៅភូមិខ្លាក្រហ៊ឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរកម្មករសំណង់ត្រូវ ជាភ្ញៀវខាងកូនកំលោះមានរបួសស្នាមបែកក្បាល (ឃាត់ខ្លួន) ។
ក្រុមទី២ ខាងកូនក្រមុំ មានគ្នា២នាក់រួមមាន ៖
១-ឈ្មោះអេង មិនា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ត្រូវជា បងជីដូនមួយខាងកូនក្រមុំ មានរបួសស្នាមរយៈត្រង់កខាងឆ្វេង (ឃាត់ខ្លួន)។
២-ឈ្មោះ ផន តុលា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរកម្មករសំណង់ ត្រូវជាបងជីដូនមួយខាងកូនក្រមុំ មានរបួសស្នាមហើមត្រង់ភ្នែកខាងស្តាំ (ឃាត់ខ្លួន)។
ជនសង្ស័យទាំង២ក្រុម បានយកមកប៉ុស្តិ៍កំពង់សំណាញ់ ចាត់ការតាមនីតិវិធី ៕


