ភ្នំពេញ៖ សេចក្តីរាយការណ៍នានា ឲ្យដឹងថា ជនដៃដល់ ដែលបានបាញ់សម្លាប់ នាយរងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ពេលនេះបានស្លាប់ហើយ ក្រោយពេលផ្ទុះអាវុធមួយប្រាវ ជាមួយសមត្ថកិច្ចនៅខេត្តក្រចេះដោយសារជននេះ បានបាញ់តដៃមិនព្រមប្រគល់ខ្លួន។
សូមរំលឹកថា មានករណីឃាតកមបាញ់សម្លាប់ មន្រ្តីនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០០និង០៥នាទីយប់ ចំណុចមុខផ្ទះសំណាក់សំាងហ័រទៀន ផ្លូវសហពន្ធ័រុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយពីមានហេតុការណ៍ បាញ់សម្លាប់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវចាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ ២៥ឆ្នាំ (អ្នកបើករថយន្ត) នៅចំណុចផ្ទះជួលក្បែរវត្តទួលតាឯក ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំណែកបក្សពួកម្នាក់ទៀតឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ភេទប្រុស អាយុ ៣៨ឆ្នាំ បានគេចទៅលាក់ខ្លួននៅក្នុងភូមិសាស្រ្តខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។
រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវឈានដល់កំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ហើយបានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ស្នងការដ្ឋានគរបាលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក លិ សុផា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
នៅវេលាម៉ោង ១៧និង៤៦នាទី កម្លាំងសមត្ថកិច្ចយើងបានប្រទះឃើញ ជនសង្ស័យនៅចំណុចមាត់អូរជាប់ជើងភ្នំ អូរកណ្តៀរ ក្នុងដីចំការស្វាយចន្ទី ស្តិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ហើយសមត្ថកិច្ចយើងបានឲ្យជនសង្ស័យប្រគល់ខ្លួនតាមសម្រួល ប៉ុន្តែខណៈពេលនោះ ជនសង្ស័យរឹងរូសមិនព្រមប្រគល់ខ្លួន និងបានបាញ់មកលើសមត្ថកិច្ចយើង ភ្លាមនោះសមត្ថកិច្ចយើងបានប្រើសិទ្ធិការពារខ្លួន ដោយបាញ់តបតគ្នាទៅវិញទៅមក បណ្តាលឲ្យជនសង្ស័យឈ្មោះ អ៊ា ណារ៉េន ស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង។
វត្ថុតាងដកហូតមាន អាវុធខ្លីមួយដើម ម៉ាក CZ 75B លេខ 5493V ពណ៌ទឹកប្រាក់ មួយដើម ។ បច្ចុប្បន្នសាកសពបានប្រគល់ ឲ្យធិការដ្ឋាននគរបាលស្រុកសំបូរ និងអាជ្ញាធរឃុំ ដើម្បីចាត់ចែងតាមនីតិវិធី ៕