ហ៊ានម្ល៉េះ! ស្រ្តី២នាក់ សហការគ្នាលួចលុយ ក្រុមហ៊ុនបានហូតជាង ១២ម៉ឺនដុល្លារ

0

ភ្នំពេញ៖ ស្ត្រីពីរនាក់ដែលជាបុគ្គលិកផ្នែកគណនេយ្យ បម្រើការងារ នៅក្នុងក្រុមហ៊ុនអាល់ ហ្វា ប្រូផឺធីខោនស្ត្រាក់សិន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីសហការគ្នា លួចលុយក្រុម ពីក្នុងគណនីធនាគារ បានរហូតជាង ១២ម៉ឺនដុល្លារ។ ការឃាត់ខ្លួនធ្វើឡើង កាលពីថ្ងៃ១៣ខែមករា ស្ថិតនៅភូមិ៤សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ តាមបណ្តឹងរបស់ក្រុមហ៊ុន ប្តឹងចោទប្រកាន់ពី បទរំលោភទំនុកចិត្ត។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ វុធសីហា អាយុ២៧ឆ្នាំ រស់នៅផ្ទះលេខ៤៥ ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យលួចលុយចំនួន ១០,៥ម៉ឺនដុល្លារ និងឈ្មោះ វង្ស សៀកឡេង អាយុ២៦ឆ្នាំ រស់នៅផ្ទះលេខ១៨៤Z ភូមិ៤ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ជនសង្ស័យលួចលុយ ១,៧ម៉ឺនដុល្លារ។

សមត្ថកិច្ចបន្តថា កាលពីអំឡុងឆ្នាំ២០១៦ ជនសង្ស័យទាំងពីរនាក់ បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនអាល់ ហ្វា ប្រូផឺធី ខោនស្ត្រាក់សិន។

ជនសង្ស័យបម្រើការងារដល់ឆ្នាំ២០១៧ ក៏បានលួចដកលុយរបស់ក្រុមហ៊ុន ដែលបានយកទៅដាក់ក្នុងធនាគារ ជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២០។ លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុនស្រាវជ្រាវថា បានបាត់លុយក្នុងធនាគារ ក៏ហៅជនសង្ស័យទាំង ពីរនាក់មកសាកសួរ។ បន្ទាប់មកជនសង្ស័យឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចដកលុយ របស់ក្រុមហ៊ុនពិតប្រាកដ ទើបខាងក្រុមហ៊ុនបានប្តឹងសមត្ថកិច្ច អនុវត្តតាមផ្លូវច្បាប់។ ជនសង្ស័យក៏ត្រូវបាននគរបាល ខណ្ឌបឹងកេងកងកសាងសំណុំរឿង ចាប់បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕