ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ថ្ងៃនេះកាលពី ៣៦ឆ្នាំមុន គឺជាថ្ងៃដែលសម្ដេច កានតំណែងជានាយករដ្ឋមន្ត្រី ហើយគិតមកដល់ថ្ងៃនេះដែរ សម្ដេចជានាយករដ្ឋមន្ត្រី ដែលរក្សាតំណែងបានយូរជាងគេបំផុត នៅក្នុងពិភពលោក ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក ថា «ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ គឺជាខួបទី ៣៦ឆ្នាំ នៃការកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (១៤ មករា ១៩៨៥-១៤ មករា ២០២១) ដែលពេលនោះ សម្តេចតេជោ ជានាយករដ្ឋមន្រ្តីដែល មានវ័យក្មេងជាងគេបំផុត នៅក្នុងពិភពលោក។ មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តី ដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែង ជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុត នៅក្នុងពិភពលោក» ។
សម្ដេចតេជោបន្តថា ៣៦ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់ មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាត និងមានបទពិសោធន៍បំផុតរបស់កម្ពុជា បានដឹកនាំកសាងអភិវឌ្ឍន៍ ប្រទេសជាតិអោយមានការ រីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិ មកទល់សព្វថ្ងៃ។
នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានសុខភាពល្អដើម្បីបន្តដឹកនាំកម្ពុជា អោយកាន់តែរីកចម្រើនរុងរឿង និងដើម្បីផ្តល់ជាម្លប់ដ៏កក់ក្តៅបំផុត សម្រាប់ប្រទេសជាតិទាំងមូល ៕