នោះកាន់តែធ្ងន់ហើយ! កងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងធ្វើការស្រាវជ្រាវរក បុគ្គលឈ្មោះ សុខ ណាម៉ាលីដូ ដែលអះអាងថា ខ្លួននាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

0

ភ្នំពេញ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានអោយដឹងថា កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវ រកបុគ្គលឈ្មោះ សុខ ណាម៉ាលីដូ ដែលអះអាងថា ខ្លួននាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ដើម្បីបញ្ជាក់ការពិត និងអនុវត្តតាមច្បាប់។

ការប្រកាសបែបនេះធ្វើឡើង ក្រោយពីមានការចុះផ្សាយ ក្នុងបណ្ដាញព័ត៌មានសង្គម មួយចំនួនពាក់ព័ន្ធទៅនឹង បុរសម្នាក់ដែលបានអះអាងថាខ្លួន គឺជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ហើយបាន ដកកាំភ្លើងគំរាមយុវជនម្នាក់ នៅក្នុងឧហទ្វហេតុគ្រោះថ្នាក់ចរាចរណ៍មួយ នៅផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាប្រមាណម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអោយដឹងថា កងរាជអាវុធហត្ថ បានឃើញ ក្នុងបណ្ដាញព័ត៌មានសង្គម ហ្វេសប៊ុក គណនីឈ្មោះ “ព័ត៌មានទាន់ហេតុការណ៍” បានសរសេរអត្ថបទមួយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ថា “គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍ សោះលោកនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ដកកាំភ្លើងគំរាមយុវជនម្នាក់”។

នៅក្នុងករណីនេះ  ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានអោយដឹងថា កងរាជអាវុធហត្ថ បានធ្វើការចុះត្រួតពិនិត្យ ស្រាវជ្រាវករណីរឿងហេតុខាងលើនេះ ដល់កន្លែងកើតហេតុតាមនីតិវិធី  ។

មន្ត្រីជំនាញកងរាជអាវុធហត្ថ បានបញ្ជាក់ថា បុគ្គលដែលបង្កហេតុដកកាំភ្លើង នៅផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាប្រមាណម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត៖ ១៧-០៨-១៩៩៣ មាន ទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុគ្គលឈ្មោះ សុខ ណាម៉ាលីដូ មិនមានឈ្មោះ នៅក្នុងក្របខ័ណ្ឌ របស់កងរាជអាវុធហត្ថ និងអាវុធខ្លីម៉ាក់កា៥៩ លេខ២៩៩៩ ក៏មិនមាននៅក្នុងបញ្ជីគ្រប់គ្រង របស់កងរាជអាវុធហត្ថផងដែរ។

កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវ រកបុគ្គលខាងលើនេះ ដើម្បីបញ្ជាក់ការពិត និងអនុវត្តតាមច្បាប់។

ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាគោលជំហរ បុគ្គលិកនៃកងរាជអាវុធហត្ថរូបណា ដែលប្រព្រឹត្តនូវកំហុសឆ្គង ល្មើសវិន័យកងទ័ព ត្រូវតែអនុវត្តទណ្ឌកម្មវិន័យ ដូចមានចែងក្នុងបទប្បញ្ញត្តិ នៃបទវិន័យទូទៅ និងលក្ខន្តិកៈទូទៅសម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ។ ក្នុងករណីបុគ្គលណា ប្រព្រឹត្តល្មើសច្បាប់ ត្រូវតែបញ្ជូនបុគ្គលនោះ ទៅតុលាការផ្តន្ទាទោសតាមច្បាប់ ដូច ទិសស្លោក ដែលបានដាក់ចេញនាពេលកន្លងទៅ “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូ វ តែគោរព បទល្មើសត្រូវតែបង្ក្រាប”។

សូមរំលឹកថា បេីតាមការបញ្ជាក់ពីបុរសម្នាក់ សុំមិនបញ្ចេញឈ្មោះ នៅកន្លែង បានអោយដឹងថា  មុនដំបូងគាត់ឃេីញរថយន្តព្រូស បេីកបរដោយបុរសម្នាក់ ដែលមានកាំភ្លេីងបានបេីកឡាន ស្របគ្នាតាមបណ្តោយផ្លូវ៧៣  គៀនផ្សារធំថ្មី  ហេីយឃេីញរថយន្ត បានបេីកគៀរម៉ូតូ បណ្តាលឲ្យដួល  ហេីយបានដកកាំភ្លេីង ពីចង្កេះហេីយស្រែកថា ហែងចង់យ៉ាងម៉េច  ភ្លាមៗនោះជនរងគ្រោះ បានលេីកដៃសុំ កុំបាញ់គាត់អី  អ្នកដែលឃេីញហេតុការណ៍ បានរត់មកជួយជនរងគ្រោះ ដែលដួលម៉ូតូ បានបាក់ដងកាំបិត និងត្រូវត្រង់ប្រអប់ជេីង  បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ  បន្ទាប់ មកអ្នកដែលបង្ករនៅតែបន្តសំញែងកាំភ្លេីងនៅមុខសមត្ថកិច្ចដដែលៗ  ទេីបសមត្ថកិច្ចសុំដកទុកសិន  ហេីយជនបង្ករប្រគល់អោយតសំបកកាំភ្លេីងមិនប្រគល់គ្រាប់អោយនោះទេ  ហេីយបានស្រែកគំហកដាក់សមត្ថកិច្ចថែមទៀតផង ។

អ្នកបង្កបានស្រែកប្រាប់ ក្រុមការងារ ថាខ្លួនមានមុខងារជាមន្ត្រី កងរាជអាវុធហត្ថ និងមានតួរនាទីនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ  ហេីយខ្លួនបានចេញពីផឹកសុី មួយកន្លែង ហេីយបំណងបេីករថយន្ត មកផ្ទះរបស់ខ្លួន នៅជិតកន្លែងកេីតហេតុ៕