អតីត​និស្សិត​ពេទ្យម្នាក់​ ខំរៀនរហូតមានជំងឺសរសៃប្រសាទ រត់ចេញពីផ្ទះបាត់​ជាង ​២​ខែ ស្រាប់​​តែ​ប្រទះ​​​​ឃើញ​ចងកសម្លាប់ខ្លួន

0

ភ្នំពេញ៖ នារី​ជា​អតីត​និស្សិត​ពេទ្យឆ្មប ដែល​ជាប់​អាហារូបករណ៍​រៀន​នៅ​ប្រទេស​ថៃ​ម្នាក់ ខំរៀន​រហូត​ដល់ ​មាន​ជំងឺសរសៃប្រសាទ ហើយ​រត់គេច​ខ្លួន​ចេញពីផ្ទះ​បាត់​​ជាង ​២​ខែ ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួន នៅ​លើដើមពុទ្រា ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង ។ ហេតុការណ៍នេះបានបង្កការ​ភ្ញាក់ផ្អើល​កាលពីម៉ោង ​៦​៖​៣០​ព្រឹក ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ដី​ឡូ​តិ៍ មួយ​កន្លែង​តាម​ផ្លូវ​កែវ​ចិន្តា ក្រុម​១២ ស្ថិត​ក្នុងភូមិ​០១ សង្កាត់​ជ្រោយ​ច​ងា្វរ ខណ្ឌ​ជ្រោយចង្វារ ។

នារី​រង​គ្រោះមានឈ្មោះ ឈី​វ សំ​អុ​ន អាយុ​៣១​ឆ្នាំ មាន​លំនៅ​នៅផ្ទះ​លេខ​១៤៦D ផ្លូវលំ ក្នុងភូមិ​០២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

នគរបាល​បានឱ្យ​ដឹង​បន្ត​ថា នារី​រូប​នោះ​បាន​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​យក​ខ្សែ​នីឡុង​ចង​ភ្ជាប់ ​ទៅ​នឹង​ដើម​ពុទ្រា​ក្នុង​ព្រៃ ហើយ​ត្រូវ​បាន​ក្មេង​ៗ​ក្នុងភូមិ​ទៅ​បេះ​ផ្លែ​ពុទ្រា ក៏​ប្រទះ​ឃើញរ​ត់ទៅ​ប្រាប់​ឪពុក​ម្តាយ រួច​ក៏​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន ហើយ​ក្រោយមក​ស្គាល់ ក៏​បាន​ប្រាប់​បងប្អូន​នារី​រង​គ្រោះ​រូប​នេះ​តែ​ម្តង ។

តាម​បងស្រី​នារី​រង​គ្រោះ​រូប​នេះ បានប្រាប់សមត្ថកិច្ច​​ថា ប្អូនស្រី​ខ្លួន (​នារី​រង​គ្រោះ​) មាន​ជំងឺ​សរសៃប្រសាទ​ប្រមាណ​ជិត ​១០​ឆ្នាំ​មក​ហើយ​។ ហើយ​រយៈពេល​ប្រមាណ​ជិត ​២​ខែ​ក្រោយ​នេះ នាង​ក៏​បាន​រត់​ចេញពីផ្ទះ​ទៅ​បាត់​ខ្លួន មិនដឹង​ថា ទៅ​ទីណា​នោះ​ទេ ក៏​ស្រាប់តែ​ទទួល​បាន​ដំណឹង​ពី​សមត្ថកិច្ច​ថា នាង​បញ្ចប់ជីវិត​ខ្លួនឯង​តែ​ម្តង​។

កន្លង​មកនារី​រង​គ្រោះ​រូប​នោះ​ជា​និស្សិត​ពេទ្យ ដែល​រៀន​ពូកែ ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​ថៃ រហូត​ដល់​ជិត​ចប់​ទៅ​ហើយ ប៉ុន្តែ​ដោយសារ​តែ​ការ​ខិត​ខំរៀន​ខ្លាំង​ពេក បណ្តាល​ឱ្យ​នាង​រលាក​ខួរក្បាល ក៏​មាន​ជំងឺសរសៃប្រសាទ ហើយ​ត្រូវ​បាន​សាលា​ទាក់ទង​មក​ក្រុម​គ្រួសារ​ ឱ្យទៅ​ទទួលយក​មក​ស្រុក​កំណើត​វិញ និង​បាន​បញ្ចប់​ជី​វីត​ខ្លួនឯង​នៅ​ពេល​នេះ​តេ​ម្តង​ ។

ក្រោយ​ពេល​កើតហេតុ សព​នារី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ ​បញ្ជូន​ទៅ​កាន់​ឈាបនដ្ឋាន វត្ត​ពោធិ៍​យា​រាម ហៅ​វត្ត​ចាស់ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕