ស្ទាក់ចាប់ក្មេងទំនើង បង្ហោះម៉ូតូតាមផ្លូវ ៣នាក់ យកមកអប់រំ និងដោះកង់ម៉ូតូឲ្យអោបលេង

0

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ ក្រោមឱវាទរបស់ខ្លួន និងកម្លាំងប៉ុសិ៍តរដ្ឋបាល ពួនស្ទាក់ និងឃាត់បាននូវម៉ូតូ ដែលបំពាក់ស៊ីមាំងប្រែនបង្កសម្លេងខ្លាំងៗ កែច្នៃខុសលក្ខណៈបច្ចេកទេសទម្រង់ដើមបានចំនួន ៦គ្រឿង និងក្រុមបង្ហោះម៉ូតូ ៣នាក់ ព្រមទាំងម៉ូតូចំនួន ៣គ្រឿង យកមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការអប់រំ។

ប្រតិបត្តិការធ្វើឡើងក្រោយ ទទួលបាននូវប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ ក៏ដូចជាការទទួលបាន នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាពិសេសក្រោមបញ្ជាដឹកនាំ ដោយផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា បានបញ្ជាក់ថា លោកនឹងបន្តដឹកនាំចុះបង្ក្រាបចំពោះអ្នកលេងម៉ូតូបង្ហោះ ស៊ីម៉ាំងប្រែនបង្កសម្លេងខ្លាំងៗ ដែលជាមូលហេតុរំខានដល់ ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការរំខាន ការសម្រាក់ដេកពូន ជាពិសេសបង្កការគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

លោកថា ចំពោះម៉ូតូធំៗដែលមានស៊ីម៉ាំងធម្មតា មិនកែច្នៃស៊ីម៉ាំង មិនរំខាននូវសម្លេងនោះ គឺសមត្ថកិច្ចយើងមិនធ្វើការ ចាប់ឃាត់នោះឡើយ ច្បាប់អនុវត្តតែទៅលើម៉ូតូណា ដែលកែច្នៃបំពង់ស៊ីម៉ាំង បង្កសម្លេងខ្លាំងៗតែប៉ុណ្ណោះ ៕