អាសូរណាស់! ឪពុករងរបួសធ្ងន់ កូនប្រុសអាយុ១១ឆ្នាំ ស្លាប់នឹងកន្លែង ក្នុងឧបទ្ទវហេតុរថយន្តបុកម៉ូតូ

0

ភ្នំពេញ ៖ ឪពុករងរបួសធ្ងន់ ចំណែកកូនប្រុសអាយុ១១ឆ្នាំ ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរារណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ។

ប្រភពពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះជាឪពុកឈ្មោះ គង់ តុលា ភេទប្រុស អាយុ៣៣ឆ្នាំ និងកូនឈ្មោះ ផាន សំរេច ភេទប្រុស អាយុ១១ឆ្នាំ ទាំង០២នាក់ រស់នៅភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង០២នាក់ បានបើកម៉ូតូធុនសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ។ ពេលមកដល់ចំណុចកើតហេតុ មានរថយន្ត០១គ្រឿង មិនស្គាល់ម៉ាក ធ្វើដំណើរស្របទិសគ្នា បានបុកពីក្រោយពេញទំហឹង បណ្តាលឲ្យកូនប្រុសអាយុ១១ឆ្នាំ ស្លាប់ភ្លាមនៅកន្លែងកើតហេតុ រីឯឪពុករងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ។ ចំណែករថយន្ត ក្រោយពីបង្កហេតុ បានបើករត់គេចខ្លួន បាត់ស្រមោល ។

បន្ទាប់ពីវាស់វែងរួច សាកសពត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី  ៕