ភ្នំពេញ៖ កម្លាំងនគរបាល ក្រុងសៀមរាប ស្រាវជ្រាវនិងឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច (ឆក់កាបូប)ភ្ញៀវបរទេសជិះកង់កម្សាន្ត នៅតំបន់អង្គរវត្ត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២:០០ នាទីរសៀល នៅចំណុចខាងជើងវត្តថ្មី តាមបណ្តោយផ្លូវកូម៉ៃ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប
យោងតាមអធិការដ្ឋាននគរបាលក្រុងសៀមរាប បានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះ មានឈ្មោះMARQUT GENEIEVE ភេទស្រី អាយុ៧១ឆ្នាំ ជនជាតិបារាំង ដោយក្នុងកាបូប មានទូរស័ព្ទម៉ាក Iphone6s plus ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង លុយ១០០ដុល្លារ លុយខ្មែរ ៨ម៉ឺនរៀល និងកាតធនាគារ បណ្ណបើកបរ ព្រមទាំងសម្ភារៈមួយចំនួន ខណៈពេលដែលជនរងគ្រោះ ជិះកង់ មកពីកម្សាន្ត នៅតំបន់ប្រាសាទអង្គរ ដោយដាក់កាបូប ក្នុងកន្រ្តក ពុំបានចងខ្សែកាបូប ភ្ជាប់នឹងកង់ ។
បន្ទាប់ពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ លោកវរសេនីយ៍ទោ ដា ចំរើន អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំង នគរបាលរដ្ឋបាលប៉ុស្តិ៍ស្វាយដង្គំ និងគោកចក ព្រមទាំងកម្លាំង នគរបាល ផ្នែកព្រហ្មទណ្ឌ ចុះដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវ រហូតឈានដល់កំណត់ បានអត្តសញ្ញាណជនសង្ស័យ លុះដល់ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ដោយមានការ ឯកភាព ពីលោក ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តនិងស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៅចំណុចភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឡាច ភីរម្យ ហៅទីន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មកសាកសួរនាំ ។
ក្រោយពីសួរនាំ ជនសង្ស័យខាងលើ បានឆ្លើយថាសារភាព ថាខ្លួន ពិតជាបានឆក់កាបូប ជនរងគ្រោះដោយមានទូរស័ព្ទ និងប្រាក់ខាងលើពិតមែន រីឯកាបូប រូបគេបានដុតបំផ្លាញចោល បន្ទាប់មក កម្លាំងយើងបានធ្វើតេស្ត រកសារធាតុញៀន លើជនសង្ស័យ លទ្ធផលវិជ្ជមាន (+)ផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕