សាហាវម្ល៉េះ! មន្ត្រីជលផលខេត្តតាកែវ វាយបុរសម្នាក់ស្ទើរស្លាប់ស្ទើររស់ ដោយសារតែរឿងមួយ (Video)

0

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ ស្ទើរស្លាប់ស្ទើររស់ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ក្រោយត្រូវលោក គឹម សារឹទ្ធ មន្ត្រីជលផលខេត្តតាកែវ ចាប់វាយទាត់ធាក់ ដោយសាររឿងជនរងគ្រោះ ទៅលួចឆក់ត្រី នៅចំណុចកោះអញ្ចាញ ស្ថិតក្នុងឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ ។

បើតាមបងថ្លៃជនរងគ្រោះ បានរៀបរាប់ថា ជនរងគ្រោះមានឈ្មោះ ភឹម វី អាយុ ៤០ឆ្នាំ រស់នៅភូមិព្រៃផ្គាំគ ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ ។ បងថ្លៃជនរងគ្រោះបន្តថា កាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះរួមជាមួយ អ្នកភូមិ ២នាក់ទៀត បានទៅលួចឆក់ត្រី នៅចំណុចកោះអញ្ចាញ ស្ថិតក្នុងឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ។ ខណៈកំពុងតែឆក់ត្រីនោះ ក៏មានទូកមន្ត្រីជលផល ដែលមានគ្នាប្រមាណ ៤ទៅ ៥នាក់ បានមកដល់រួចក៏ ធ្វើសកម្មភាពដេញវាយ ប្រជាពលរដ្ឋទាំង ៣នាក់នោះតែម្ដង ។ តែពលរដ្ឋ ២នាក់ បានរត់រួចខ្លួន នៅសល់តែជនរងគ្រោះ ត្រូវបានក្រុមរបស់លោក គឹម សារឹទ្ធ ហៅមាន វាយរហូតដល់រងរបួសធ្ងន់ ។

ក្រោយការវាយដំរួច ជនរងគ្រោះត្រូវបានគេបញ្ជូន យកទៅទីស្នាក់ការជលផល ប៉ុន្តែដោយសារស្ថានភាព ធ្ងន់ធ្ងរមន្ត្រីជលផល ក៏បានបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តតាកែវ ។ ពេលទៅដល់មន្ទីរពេទ្យ ខាងមន្ទីរពេទ្យ ខេត្តតាកែវ មិនបានទទួល ជនរងគ្រោះនោះទេ ព្រោះតែស្ថានភាពធ្ងន់ធ្ងរ ពេករួចក៏បញ្ជូនជនរងគ្រោះ បន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។ ចំពោះករណីនេះ ក្រុមគ្រួសារជនរងគ្រោះ ទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយពិនិត្យមើលផង ដោយមិនគួរណាមន្ត្រីជលផល ប្រើហិង្សាមកលើជនរងគ្រោះ យ៉ាងដូចនេះទេ ។

ចំពោះករណីនេះដែរ ត្រូវបាននាយខណ្ឌរដ្ឋបាលជលផល ខេត្តតាកែវ លោក សៅ កុសល បញ្ជាក់ថា តាមរបាយការណ៍ដែលលោក ទទួលបានវាគឺជាករណីទូកបុកគ្នា ខណៈដែលមន្ត្រីជលផល ចុះធ្វើការល្បាត នៅក្នុងបឹងនោះ ។ តែយ៉ាងណាក៏ដោយ លោកនឹងធ្វើការស៊ើបអង្កេតរឿងនេះបន្តទៀត បើមន្ត្រីរបស់លោកបានប្រព្រឹត្ត ដូចការចោទប្រកាន់មែន លោកនឹងចាត់ការទៅតាមវិធានការច្បាប់ ៕