ទំនាស់គ្រួសារ! បុរសម្នាក់សម្រេច បើកម៉ូតូកង់បី មកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា

0

ភ្នំពេញ៖ បុរសម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងនៅផ្ទះបងប្អូន ក៏ឈ្លោះប្រកែកគ្នា ជាមួយប្រពន្ធ ខឹងចិត្តក៏ឡើងបើកម៉ូតូកង់បី បើកចេញទៅដល់ពាក់កណ្ដាល ស្ពានជ្រោយចង្វា ក៏សម្រេចចិត្ត លោតទឹកបញ្ចប់ជីវិតខ្លួនឯងតែម្តង ដោយបន្សល់ទុក នូវស្បែកជើងមួយគូ និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង នៅលើស្ពាននោះតែប៉ុណ្ណោះ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមការអោយដឹង ពីបងប្រុសបង្កើតឈ្មោះ សំ ឧត្ដម បានប្រាប់ឲ្យដឹងថា បុរសដែលលោតទឹកសម្លាប់ខ្លួននោះ ត្រូវជាប្អូនប្រុសបង្កើតរបស់គាត់ឈ្មោះ សំ បញ្ញា អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូកង់បីឥណ្ឌា បច្ចុប្បន្នស្នាក់នៅផ្ទះជួល នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមួយប្រពន្ធ ។ មានស្រុកកំណើតនៅភូមិព្រៃតាបេស ឃុំពោធិ៏ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ប្រភពដដែលបានបន្តថា មុនកើតហេតុ គឺបុរសគិតខ្លីខាងលើ និងប្រពន្ធបានទៅផឹកស៊ីនៅផ្ទះគាត់ ក្នុងសង្កាត់ព្រែកលាប ដើម្បីពិភាក្សាគ្នារឿងធ្វើបុណ្យខួបគម្រប់៣ឆ្នាំ ឲ្យម្តាយនៅថ្ងៃទី៧ ខែមករា ខណ:ពេលហូបចុកស្រវឹង ស្រាប់តែប្អូនប្រុសគាត់ បានឈ្លោះប្រកែក ពាក្យសម្តីគ្នា ជាមួយប្រពន្ធគាត់ ហើយប្អូនប្រុសគាត់ខឹង ក៏ឡើងបើកម៉ូតូកង់បី ចេញទៅបាត់ ដោយមិនប្រាប់អ្នកណាឡើយ លុះរំលងដល់ម៉ោង៩យប់ ក៏មានសមត្ថកិច្ចទាក់ទង ទៅប្រពន្ធបុរសរងគ្រោះ ប្រាប់ថាបុរសនោះ បានលោតទឹកសម្លាប់ខ្លួន បាត់ទៅហើយ ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគឺពួកគាត់ ឃើញបុរសខាងលើ ជិះម៉ូតូកង់មួយគ្រឿង ពណ៌ស លាយក្រហម ពាក់ផ្លាកលេខភ្នំពេញ 1HJ-8498 ធ្វើដំណើរឡើងស្ពានជ្រោយចង្វា ទិសដៅពីកើតទៅលិច មកដល់ពាក់កណ្តាលស្ពាន ក៏ឈប់ម៉ូតូកង់បីអែបកៀន រួចក៏លោតចុះតែម្តង ដោយបន្សល់ទុកស្បែកស៊កមួយគូ នៅក្បែរបង្កាន់ដៃស្ពាន និងម៉ូតូកង់បីមួយគ្រឿង ។

ក្រោយកើតហេតុ នៅសល់ម៉ូតូកង់បី ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលស្រះចក រង់ចាំសាច់ញាតិ យកឯកសារមកបញ្ជាក់ ដើម្បីយកម៉ូតូកង់បីនោះ ត្រឡប់ទៅវិញ ចំណែកប្រពន្ធ បានត្រឹមស្តាយស្រណោះ និងជួលទូកគេស្វែងរក សពបុរសនោះ មកធ្វើបុណ្យតាម ប្រពៃណីតែប៉ុណ្ណោះ ៕