ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤២ នៃថ្ងៃជ័យជំនះ ៧មករា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ថ្ងៃនេះកាលពី ៤២ឆ្នាំមុន ប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពី របបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យ ពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅ ងងឹតអស់រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា «នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ គឺជាខួបលើកទី ៤២ឆ្នាំ (៧ មករា ១៩៧៩ – ៧ មករា ២០២១) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពី របបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យ ពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជា ទៅជាវាលពិឃាតដ៏ខ្មៅ ងងឹតអស់រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ។ របបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះ បានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់ អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបាន វិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត» ។
គួររំលឹកដែរថា កាលពី ៤២ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមទាំងកុមារតូចៗ រស់នៅក្រោមការបង្ខិតបង្ខំ អោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាល គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់ របស់ពលរដ្ឋត្រូវបានរបបព្រៃផ្សៃនេះ បានបំបិទមិនអោយមាន ពលរដ្ឋដែលមានសំណាង នៅសល់តែស្បែកដណ្តប់ឆ្អឹង គឺរងចាំតែថ្ងៃស្លាប់ ប៉ុណ្ណោះ។
ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបាន រំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
នៅក្នុងខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃនេះ សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និង មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈ ក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍ ។ ក្នុងឆ្នាំសកលថ្មី ២០២១ នេះ សូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយជួបតែសេចក្តីសុខ សេចក្តីចម្រើន និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕