Home សង្គម សង្ស័យរឿងស្នេហាត្រីកោណ! យុវជន ១ក្រុម ជិះម៉ូតូដេញកាប់ សិស្សសាលាសុវណ្ណភូមិម្នាក់ របួសធ្ងន់

សង្ស័យរឿងស្នេហាត្រីកោណ! យុវជន ១ក្រុម ជិះម៉ូតូដេញកាប់ សិស្សសាលាសុវណ្ណភូមិម្នាក់ របួសធ្ងន់

0

ភ្នំពេញ៖ សង្ស័យផ្ដើមចេញ ពីរឿងស្នេហាត្រីកោណ យុវសិស្សម្នាក់ ត្រូវក្រុមក្មេងស្ទាវ ១ក្រុម មានគ្នា ៤នាក់ ប្រដាប់ដោយដាវ សាំម៉ូរ៉ៃ ជិះម៉ូតូ ២គ្រឿង ដេញកាប់បណ្តាលឲ្យ រងរបួសធ្ងន់ ហូរឈាមស្រោចពេញខ្លួន ។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីម៉ោងប្រមាណជាង ៣រសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅចំណុច ស្តុបផ្លូវភ្នំពេញ-ហាណូយ កែងផ្លូវ៩២ ស្ថិតក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

យុវជនរងគ្រោះមានឈ្មោះ ហុក គឹមម៉េង អាយុ ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ សាលាសុវណ្ណភូមិបឹងត្របែក ស្នាក់នៅជាមួយឪពុកមា នៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានរងរបួស ២ដាវ ចំស្មានិងចង្កេះ ហើយត្រូវនគរបាលខណ្ឌសែនសុខ បញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសមៈ ។

បើតាមអ្នកឃើញហេតុការណ៍ បានរៀបរាប់ថា នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា ឌុប នារីវ័យក្មេងម្នាក់ ធ្វើដំណើរតាមផ្លូវ ភ្នំពេញ-ហាណូយ ក្នុងទិសដៅពីខាងត្បូងទៅខាងជើង ។ នៅពេលមកដល់កន្លែងកើតហេតុ យុវជនរងគ្រោះក៏ឈប់ស្តុប ស្រាប់តែជនដៃដល់ជិះម៉ូតូ ២គ្រឿង មានគ្នា ៤នាក់ ម្នាក់ប្រដាប់ដោយដាវ សាំម៉ូរ៉ៃ បានមកកាប់យុវជននោះ បណ្តាលអោយរងរបួស ។ នៅពេលនោះជនរងគ្រោះ បានរត់គេចខ្លួន ទាំងរងរបួសឈាមហូរ ជោកខោអាវ បានប្រមាណ ៥០ម៉ែត្រ ចូលទៅក្នុងហាងលក់ គ្រឿងអគ្គិសនី ដើម្បីអោយគេជួយ និងដួលក្នុងហាងនោះ តែម្តង។ ភ្លាមៗនោះក្រុមជនដៃដល់ ក៏បានជិះម៉ូតូគេចខ្លួន ដោយនាំនារីវ័យក្មេង ដែលយុវជននោះ ឌុប ទៅជាមួយផងដែរ ។ បន្ទាប់ពីមានអំពើហិង្សានេះ នគរបាលខណ្ឌសែនសុខ ក៏បានចុះទៅកន្លែងកើតហេតុ ហើយបានយករថយន្តអង្គភាព ដឹកបញ្ចូនយុវជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យព្រះកុសមៈ ដើម្បីសង្គ្រោះបន្ទាន់ ។

ទាក់ទិននឹងដេញកាប់ប្រហារនេះដែរ សមត្ថកិច្ចបានដាក់ការសង្ស័យថា អាចជារឿងស្នេហាត្រីកោណ ដែលយុវជនរូបនោះស្រឡាញ់នារីចំសង្សារ របស់ជនដៃដល់ហើយ ជនដៃដល់តាមកាប់តែម្តង ៕

Previous articleថ្ងៃនេះកាលពី ៤២ឆ្នាំមុន ជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវបានសង្គ្រោះ​ និងរំដោះចេញផុតពីរបបប្រល័យ ពូជសាសន៍ខ្មែរក្រហម
Next articleចិត្តម្ល៉េះ! ខឹងប្រពន្ធគេហាម មិនអោយប្ដីផឹកស៊ីជាមួយ ឡើងទៅកាប់ប្រពន្ធនិងកូន គេរបួសធ្ងន់ស្ទើរស្លាប់ស្ទើររស់