កម្ពុជា នឹងចុះត្រជាក់ខ្លាំង ជាថ្មីម្ដងទៀត ចាប់ពីថ្ងៃទី៩-១២ មករា

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ដោយទទួលឥទ្ធិពល ពីខ្យល់មូសុងឦសាន កម្ពុជានឹងចុះត្រជាក់ខ្លាំង ជាថ្មីម្ដងទៀត ចាប់ពីថ្ងៃទី៩-១២ មករា។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី៥ មករានេះ បានឲ្យដឹងបន្តថា នៅថ្ងៃទី៦-៨ ខែមករា កម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានជាមធ្យម ហើយនៅថ្ងៃទី៩-១២ ខែមករា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានខ្លាំង ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី៩-១២ ខែមករា ធាតុអាកាសនឹងចុះត្រជាក់ខ្លាំង៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
– នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៥-១៧ °C និងសីតុណ្ហភាពអតិបរមាមានពី ២៤-២៧ °C។

២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
– នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១២-១៤ °C និងសីតុណ្ហភាពអតិបរមាមានពី ២៣-២៦ °C ជាមួយខ្យល់ខ្លាំង។

៣-តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
– នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមាមានពី ២៥-២៨ °C ជាមួយខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា។

ក្រសួង បានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងជាពិសេសវិរៈកងទ័ព និងកងកម្លាំងនគរបាល រស់នៅ និងឈរជើងនៅ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបង្កើនការយកចិត្តទុកដាក់ ថែរក្សា សុខភាពចំពោះធាតុអាកាសចុះត្រជាក់ខ្លាំងនេះ ។ ដោយឡែក ប្រជានេសាទនិង អ្នកដំណើរសមុទ្រសូមប្រុងប្រយ័ត្នចំពោះខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ ៕