ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចាប់បឺតមាត់ លូកស្ទាបនារីម្នាក់

0

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រទូស្តិ៍កេរ្តិ៍ខ្មាស កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២០នឹង០០នាទី ត្រង់ចំណុចការដ្ឋាន សំណង់បុរីសុខសាន្ត ផ្លូវបេតុង ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងថាជនសង្ស័យឈ្មោះ ម៉ូន រិន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់បុរីភ្នំពេញសុខសាន្ត ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ម. ស.ន អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមលោកអធិការ បានអោយដឹងថាកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១វេលាម៉ោង១៨នឹង៣០នាទី ជនរងគ្រោះ និងមិត្តភក្តិ០២នាក់ទៀត បានជិះម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខតាកែវ 1J-3844 ចេញពីបន្ទប់ជួលលេខ៦ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកផឹកស៊ីនៅការដ្ឋានសំណង់ បុរីភ្នំពេញសុខសាន្ត ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលមកដល់ក៏បាន ផឹកស៊ីស្រាបៀរ Ganzberg មានគ្នាចំនួន០៧នាក់ អស់ស្រាបៀរ Ganzberg ចំនួន០២កេស និងទឹកត្នោតជូចំនួន០៤លីត្រ។ រហូតដល់វេលាម៉ោង២០នឹង០០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះ ក៏បានចុះពីលើផ្ទះល្វែង កំពុងសាងសង់ មកក្រោមដើម្បីបត់ជើងតូច រួចជនសង្ស័យក៏បាន ដើរចុះមកតាមក្រោយ ពេលជនរងគ្រោះចូល ក្នុងបន្ទប់ទឹកបត់ជើងរួច ជនសង្ស័យក៏ស្រែកសួរ ពីខាងក្រៅថា ខ្ញុំសុំចូលបន្ទប់ទឹក ជាមួយ ផងបានអត់? រួចជនរងគ្រោះក៏បានឆ្លើយបដិសេធថា ខ្លួនយើងឆ្កួតមិនមែន? បន្ទាប់មកជនរងគ្រោះ ក៏បានបើកទ្វារបន្ទប់ទឹក ដើរចេញមកក្រៅ ជនសង្ស័យបានរុញទ្វារខ្ទប់ទៅវិញ ជនរងគ្រោះ ក៏បានស្ទុះចេញ មកខាងក្រៅ ជនសង្ស័យ ក៏បានចាប់ខ្ទប់មាត់ អូសទៅកន្លែងស្ងាត់ ធ្វើសកម្មភាព ថើប បឺតមាត់ និងច្របាច់ដោះ រួចជនរងគ្រោះ ក៏បានស្ទុះឡើងទៅលើ ឱ្យមិត្តភក្តិជួយ ហើយជនសង្ស័យ ក៏បានរត់គេចខ្លួនបាត់។ ហើយជនរងគ្រោះ ក៏បានមករាយការណ៍ និងដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ យកមកធ្វើការសាកសួរ តាមនីតិវិធីច្បាប់។

លុះដល់វេលាម៉ោង១១នឹង០០នាទីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចក៏បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យបានត្រង់ចំណុច ការដ្ឋានសំណង់ បុរីភ្នំពេញសុខសាន្ត ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកសាកសួរនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រៃស តាមនីតិវីធីច្បាប់តែម្តង។ ក្រោយពីសាកសួរជនសង្ស័យ បានឆ្លើយសារភាព ប្រាប់សមត្ថកិច្ច ថារូបគេ (ជនសង្ស័យ) ពិតជាបានផឹកស៊ី មានការនិយាយផ្តោះផ្តង ជាប់ពាក្យសំដី ជាមួយជនរងគ្រោះ រួចក៏បានធ្វើសកម្មភាព ចាប់អោប ថើប ជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនីវិធី ៕