ក្រោយឡោមព័ទ្ធ អស់ជាច្រើនម៉ោង ខ្មាន់កាំភ្លើងដែលបាញ់ប៉ូលិស ប៉ុស្តិ៍ឃុំសំពៅពូន ត្រូវចាប់ខ្លួនបានហើយ

0

ភ្នំពេញ៖ ខ្មាន់កាំភ្លើងម្នាក់ ដែលបានបាញ់ នគរបាលប៉ុស្តិ៍ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបាននៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះ ក្រោយធ្វើការឡោមព័ទ្ធ អស់ជាច្រើនម៉ោង។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីម្សិលមិញ មានករណីរថយន្តដឹកទំនិញមួយគ្រឿង បានទៅបុកបង្គោលភ្លើង បណ្តាលឲ្យរងការខូចខាត នៅឃុំសំពៅពូន ស្រុកកោះធំ ពេលនោះនគរបាលប៉ុស្តិ៍ ឃាត់អ្នកបើករថយន្ត មកដោះស្រាយគ្នា។ពេលដែលកំពុងសួរនាំនោះ ស្រាប់តែជនល្មើសរូបនេះ បានរត់ចូលទៅក្នុងបន្ទប់ នគរបាលប៉ុស្តិ៍ ហើយចាក់សោជិត រួចនៅល្ងាចវេលាម៉ោងប្រមាណ៦ក៏ យកកាំភ្លើងដែលទុកនៅក្នុងបន្ទប់នោះ បាញ់ចេញមកក្រៅ សំដៅមកលើ កងកម្លាំងនគរបាលចំនួន៧គ្រាប់ ប៉ុន្តែមិនមាននរណាម្នាក់ រងរបួសនោះឡើយ។

ក្រោយមានហេតុការណ៍ នេះកើតឡើង លោកស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំង ចុះទៅអន្តរាគមន៍នៅកន្លែងនោះ  និងធ្វើការឡោមព័ទ្ធ ដោយប្រើយុទ្ធសាស្រ្តផ្សេងៗរហូតចាប់ខ្លួន បានជនល្មើស នៅយប់ថ្ងៃដដែលនេះវេលាម៉ោង ប្រមាណ ១០។

សមត្ថកិច្ច បានញ្ជាក់ថា ជនបង្កមានឈ្មោះ ពៅ ហេង អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាលមុខរបរអ្នកបើកបររថយន្តដឹកទំនិញឲ្យក្រុមហ៊ុន៕