យល់ដឹង ពីល្បិចបន្លំលួចគ្រប់គ្រងគណនី បណ្តាញទំនាក់ទំនងសង្គម WhatsApp Telegram ឬ Facebook!

0

ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះយើងសង្កេតឃើញថា មានករណីបន្លំលួចគ្រប់គ្រងគណនីបណ្តាញទំនាក់ទំនងសង្គម តួយ៉ាងកម្មវិធីWhatsApp Telegram ឬកម្មវិធី Facebook ជាដើម។

យោងតាមគេហទំព័រហ្វេសប៊ុករបស់  នាយកដ្ឋានព័ត៌មានវិទ្យា  នៅថ្ងៃទី០៣  ខែមករាឆ្នាំ ២០២១  បានបញ្ជាក់ថា  ដើម្បីធ្វើការលួចគ្រប់គ្រងលើគណនីបណ្តាញទំនាក់ទំនងសង្គម តួយ៉ាងកម្មវិធី WhatsApp Telegram ឬកម្មវិធី Facebook ឧក្រិដ្ឋជនបច្ចេកវិទ្យាបានប្រើប្រាស់វិធីសាស្ត្រ ដូចខាងក្រោម៖

ឧក្រិដ្ឋជនធ្វើការ Login ចូលកម្មវិធី WhatsApp ឬកម្មវិធី Telegram  ដោយប្រើប្រាស់លេខទូរស័ព្ទជនរងគ្រោះ (ចំពោះកម្មវិធីFacebook ប្រើប្រាស់តួនាទី Reset Password           ជាមួយលេខទូរស័ព្ទ ឬឈ្មោះ Username ជនរងគ្រោះ)

ក្រុមហ៊ុន WhatsApp Telegram Facebook នឹងធ្វើការបញ្ជូនលេខកូដ PIN តាមរយៈសារ SMS ទៅកាន់លេខទូរស័ព្ទរបស់ជនរងគ្រោះ

ឧក្រិដ្ឋជនធ្វើការទាក់ទងទៅកាន់ជនរងគ្រោះ តាមរយៈសារអេឡិចត្រូនិក ដោយប្រើប្រាស់បច្ចេកទេសវិស្វកម្មបណ្តាញសង្គម(Social Engineering)              ដើម្បីលួងលោមជនរងគ្រោះផ្តល់លេខកូដ PIN (ឧទាហរណ៍៖ ប្រាប់ជនរងគ្រោះថាខ្លួនច្រឡំផ្ញើលេខកូដ និងអង្វរជនរងគ្រោះផ្ញើជូនខ្លួនវិញ ព្រោះលេខកូដនេះត្រូវការបន្ទាន់បំផុត)

បន្ទាប់ពីទទួលបានលេខកូដ PIN ឧក្រិដ្ឋជននឹងធ្វើការផ្ទៀងផ្ទាត់ និងដំណើការចូលគណនីកម្មវិធី WhatsApp Telegram ឬកម្មវិធីFacebook ជាស្ថាពរ

ដើម្បីទទួលបានការគ្រប់គ្រងកាន់តែរឹងមាំ ឧក្រិដ្ឋជននឹងធ្វើការផ្លាស់ប្តូរតួនាទីមួយចំនួន ដូចជា៖ បន្ថែមលេខកូដ Step Two Verification           ឬផ្លាស់ប្តូរព័ត៌មានផ្ទៀងផ្ទាត់របស់គណនីជនរងគ្រោះ ដាក់ព័ត៌មានរបស់ខ្លួនជាដើម។

(សេចក្តីបញ្ជាក់បន្ថែម៖ មានករណីមួយចំនួន ឧក្រិដ្ឋជនធ្វើការបន្លំលួចលេខសម្ងាត់តែម្តង ដោយប្រើប្រាស់បច្ចេកទេសវិស្វកម្មបណ្តាញសង្គម Phishing)

នាយកដ្ឋានព័ត៌មានវិទ្យា ក្រើនរំលឹកបងប្អូនពលរដ្ឋទាំងអស់ ដែលប្រើប្រាស់កម្មវិធី ឬមានគណនីអ៊ីនធឺណេត សូមអនុវត្តវិធានការការពារ ដូចខាងក្រោម៖

ត្រូវជ្រើសរើសលេខសម្ងាត់ដែលពិបាកទាយ (ហាមប្រើប្រាស់លេខសម្ងាត់ជា៖ លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត ឬឈ្មោះខ្លួន។ល។)

  ត្រូវរក្សាលេខសម្ងាត់គណនីឲ្យមានសុវត្ថិភាព និងមិនត្រូវធ្វើការចែករំលែកលេខសម្ងាត់ជាដាច់ខាត ទោះបីជននោះអះអាងថាជាតំណាងក្រុមហ៊ុនផ្គត់ផ្គង់សេវាក៏ដោយ

ត្រូវរក្សាការពារលេខកូដ PIN (បិទមិនឲ្យបង្ហាញលើអេក្រង់ទូរស័ព្ទ។ល។) និងមិនត្រូវចែករំលែកលេខកូដ PIN ជាដាច់ខាត

ត្រូវដំឡើងតួនាទី Step Two Verification លើគណនីកម្មវិធីអ៊ីនធឺណេត។ល៕