ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ តារាចម្រៀងផលិតកម្មរស្មីហង្សមាសលោក នៅ ស៊ីនឿន ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ សាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ «គំរាមកំហែងថានឹងធ្វើឲ្យខូចខាត និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់ អចលវត្ថុដោយសុចរិត» ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៧២៩ ផ្លូវលំ ភូមិព្រែកតាឡុងទី២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩ ។ នេះបើយោងតាមលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ។
លោក ហេង ឡុង បន្តថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដោយទទួលបានការសម្របសម្រួល ទើបសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាសម្រេចអនុញ្ញាត ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន លើលោក នៅ ស៊ីនឿន ដោយសំអាងហេតុ៨ចំណុច ។
មកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លោក នៅ ស៊ីនឿន ក៏បានមកជួបពិភាក្សាជាមួយលោក ហេង ឡុង ក្នុងនាមជា ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដើម្បីស្វែងរកពឹងពាក់មេធាវីស្ម័គ្រចិត្ត របស់សមាគមក្នុងការការពារសិទ្ធិ និង ជួយរកយុត្តិធម៌ជូនគាត់តាមផ្លូវច្បាប់ ។
លោក នៅ ស៊ីនឿន បានបញ្ជាក់ថា ទីតាំងដែលលោកបានចូលរស់នៅតាំងពីឆ្នាំ២០០៩ ។ ប៉ុន្តែឆ្នាំ២០១៣ ទើបលោកបានដាក់ពាក្យ ស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីពីអាជ្ញាធរ ។
ករណីនេះ លោក ហេង ឡុង កំពុងពិភាក្សា និង ពិគ្រោះយោបល់ជាមួយមេធាវី និងក្រុមការងារផ្នែកច្បាប់ដើម្បីការពារ និង ជួយរកយុត្តិធម៌តាមផ្លូវច្បាប់ជួយលោក នៅ ស៊ីនឿន ៕